អភិបាលខេត្តប៉ៃលិន ក្រើនរំ​លឹកដល់ក្រុម​ការងារ និងសមត្ថ​កិច្ចចម្រុះ​ប្រចាំការនៅ​មាត់ច្រកទ្វារ​ព្រំដែនអន្តរជា​តិព្រំ ត្រូវយក​ចិត្តទុក្ខដាក់ខ្ពស់ និងជួយសម្រប​សម្រួលដល់ប​ងប្អូនពលករដែ​លវិលត្រឡប់​មកពីថៃ

ប៉ៃលិន៖ នៅក្នុងឱកាស​អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរបងប្អូនពលករខ្មែរ ដែលមកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០​២៥ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រ​សាស​ន៍ណែនាំ​ដល់ក្រុមការងារ និងសមត្ថកិច្ចចម្រុះ ដែលកំពុងប្រចាំការនៅមាត់ច្រកទ្វារព្រំដែន ត្រូវយក​ចិ​ត្តទុក្ខ​ដាក់ និងជួយសម្របសម្រួលជូនដល់បងប្អូនពលករ ដែលត្រឡប់មកពីប្រទេសថៃ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រី បានធ្វើការណែនាំ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់ អាវុធគ្រ​ប់ប្រ​ភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ក្នុងករណីមានការវិ​លត្រឡប់ក្នុងទ្រង់ទ្រាយធំ ដោយមូល​ហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ ត្រូវត្រៀមសម្របសម្រួលកា​រឆ្លងកាត់ព្រំដែន ការស្នាក់​នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាពបឋម និងដឹកជញ្ជូនប​ងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើតវិញ ដោយឥតគិតថ្លៃ ជាពិសេសត្រូវជួយ​ស្វែងរកកា​រងារក្នុងស្រុកជូន​ដល់បងប្អូនពលករយើង។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ដោយសារស្ថានភា​ពព្រំដែនកាន់តែ​តឹងតែង និងដោយមានការអំពាវនាវពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ ឱ្យពលក​រខ្មែរ ដែល​កំពុងធ្វើការនៅប្រទេសថៃ ត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ហើយរាជរដ្ឋាភិបាល នឹងរង់ចាំទទួល​ទាំ​ងអស់ឱ្យតែ​ជា​ជនជាតិខ្មែរ ទោះបី​ជាមានឯក​សារគ្រប់គ្រាន់ ឬមិន​មានឯកសារ គ្រប់ គ្រាន់ក៏​ដោយ​ហើ​យជាក់​ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន គឺមានបងប្អូនពលករ​ខ្មែរបាន​ធ្វើដំណើរ ឆ្លងព្រំដែន ត្រលប់មកក​ម្ពុជាវិញជាបណ្តើរៗ ដោ​យរដ្ឋបាលខេត្ត បានសហការជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានរៀបចំ​ទីតាំងត្រៀមទទួលបងប្អូនពលករ នៅក្បែរព្រំ​ដែន ដើម្បីសម្រួល​ទាំងការស្នាក់​នៅបណ្ដោះអាសន្នការហូបចុក ការថែទាំព្យាបាលសុខភាព និងជូនដំ​ណើ​រវិលត្រលប់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃ ព្រមទាំងជួយ រកការងារជូនបងប្អូន​ពលករផងដែរ។

សូមបញ្ជាក់ថា៖ ច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយឈមនឹងច្រកបានផាកាត ស្ថិតក្នុងភូមិបានផាកាត ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ហើយបានក្លាយជាច្រកអន្តរជាតិផ្លូវការ នៅថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ២០០៣ ក្នុងចំណោមច្រកអន្តរជាតិជាច្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ហើយ​នៅមុនពេលមានជម្លោះព្រំដែនកើតឡើង ច្រកទ្វារព្រំដែនអន្តរជាតិព្រំ មានភ្ញៀវទេសចរណ៍ ពលករ និងការដឹកជញ្ជូនទំនិញចេញចូលឆ្លងកាត់ព្រំដែនយ៉ាងសកម្ម ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អ រវាងមន្ត្រីជួរមុខទាំងទ្វេរភាគី កម្ពុជា និងថៃ ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *