ព័ត៌មានជាតិ

អាវុធហត្ថ បញ្ជូនខ្លួន​ជ​ន​ជាតិថៃ ៤នាក់ ទៅតុលា​ការពាក់ព័ន្ធក​រណីគ្រឿងញៀន

(បន្ទាយមានជ័យ)៖ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ដែលជាប់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់​ដោយខុសច្បាប់​នូវសារធាតុញៀន ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំ​ដោយលោក​វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចាប់ឃាត់ខ្លួន​នៅវេ​លាម៉ោង០២និង៣០នាទី ថ្ងៃទី២៤ ខែមេ​សា ឆ្នាំ២០២៤ នៅចំណុចក្លឹប MEX CLUB ស្ថិតក្នុង​ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាង គ្រឿង​ញៀនប្រភេទ​ម្ស៉ៅក្រាមសថ្លា (កេតាមីន)ចំនួន ១២កូនថង់កិប ទម្ងន់ ១៣,២៩ក្រាម, កញ្ឆា ចំនួន ០៤ថង់កិប ទម្ងន់ ៥៤,២ក្រាម, កញ្ចប់ម្ស៉ៅពណ៌ខ្មៅរូបកែវកាហ្វេ ចំនួន ០១កញ្ចប់ ទម្ងន់ ៣៨,៨៤ក្រាម, កញ្ចប់ម្ស៉ៅចម្រុះពណ៌ មានអក្សរLemon Zkittlez ចំនួន ០១កញ្ចប់ ទម្ងន់ ១៥,៧៦​ក្រាម, ម៉ូតូ ចំនួន ០១គ្រឿង (ម៉ាកYAMAHA NMAX ពណ៌ក្រហមខ្មៅ គ្មានផ្លាកលេខ), ទូរស័ព្ទ ចំនួន ០៤​គ្រឿង(ម៉ាកSamsung ពណ៌ស្វាយ ០២គ្រឿង, ខូច ០២គ្រឿង), ជញ្ជីងសម្រាប់​ថ្លឹង​គ្រឿង​ញៀន ចំនួន ០១គ្រឿង រួមនឹងវត្ថតាងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹថា មុនឈា​នដល់ការបង្រា្កបករណីខាងលេី កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង បានទទួលព័ត៌មា​នពីសន្តិសុខ យាមក្លឹបMEX CLUB ថាមានជន​សង្ស័យជន​ជាតិថៃ បានជិះម៉ូតូ​ចំនួន០១គ្រឿង ដេីម្បីចូលក្នុងក្លឹប ពេល​នោះសន្តិសុខបានសុំធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញមាន​គ្រឿងញៀន​មួយ​ចំនួន ក៏បានរាយការណ៍​មកកម្លាំងក​ងរាជអាវុធហត្ថតែម្តង។ ក្រោយពីទទួលបានព័ត៌មាន កម្លាំង​បា​នចុះទៅដល់ចំណុច​កើតហេតុ បានធ្វើការឃាត់ខ្លួនជ​នសង្ស័យខាងលេីឈ្មោះ ចាក់ខាវ៉ាន សេតថាក់ស៊ុបមេក ហៅ ថប់ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិថៃ ព្រមទាំងដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេ​ទម្ស៉ៅក្រាមសថ្លា ចំនួន ០៨ថង់កិប ទម្ងន់ ៨,៤២ក្រាម ហើយនាមកកា​ន់មូលដ្ឋា​នក​ងរា​ជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។

ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងបា​នចុះឆែកឆេរផ្ទះស្នាក់នៅរបស់ជនសង្ស័យនៅចំណុចផ្ទះលេខB៩៣ ស្ថិតក្នុងភូមិ​សាម​គ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញវត្ថុតាងរួមមាន គ្រឿងញៀន និងសម្ភារៈ​ស​ម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ ក្នុងនោះក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់បន្ថែមទៀត ជាអ្នកប្រើប្រាស់គ្រឿងញៀន រួមមាន ៖ ១.ឈ្មោះ ណាតតាផន ឆូតទិបុត ហៅ មីន ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិថៃ, .ឈ្មោះ សាត់ថា​យ៉ា ថៃក្រាក់ថុក ហៅ តាក់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិថៃ, .ឈ្មោះ សាក់ស៊ីថត ស៊ូវ៉ាន់ណា​សាក់ ហៅ ផេត ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិថៃ។

ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿង​​ញៀនមកទុកលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផងពិតប្រាកដមែន ។ ដោយ​ផ្អែកលេី​ចម្លេីយសា​រភាព និងមានវត្ថុតាង​ជាក់ស្តែង កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថក្រុង បានកសាងសំណុំរឿ​ងបញ្ជូន​មកបញ្ជាកា​រដ្ឋាន​កងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំង​គ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងកា​រិយាល័យ​ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button