រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធទិវាជាតិ ២០ ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធអ្នកដែលបានស្លាប់ ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត
(បន្ទាយមានជ័យ)៖ថ្ងៃ ២០ ឧសភា ជាថ្ងៃដែលប៉ុលពត បានសម្រេចដាក់ចេញនយោបាយប្រល័យពូជសាសន៍ ទើបប្រជាជនកម្ពុជាទូទាំងប្រទេសកំណត់ថ្ងៃនេះជាទិវាគោរពវិញ្ញាណក្ខ័ន្ធ រំលឹកឡើងវិញនូវបណ្ដាថ្ងៃដ៏ខ្មៅងងឹត ក្នុងកុកនរកលោកីយ៍ប្រល័យពូជសាសន៍ ក្នុងរបប ៣ ឆ្នាំ ៨ខែនិង ២០ ថ្ងៃ។នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងក្នុងពិធីគោរពវិញ្ញាណក្ខ័ន្ធចំពោះប្រជាជនកម្ពុជា ដែលបានស្លាប់ ទទួលទារុណកម្មយ៉ាងសែនខ្លោចផ្សារ និងអយុត្តិធម៌ ទាំងផ្លូវកាយ ផ្លូវចិត្ត។ដែលពិធីនេះប្រារព្ធធ្វើនៅបរិវេណវត្ត សុភមង្គល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ដែលមានអដិធាតុ តម្កល់នៅទីវត្តអារាមនេះ។
បន្ទាប់ពីក្រុមអាចារ្យ គណៈកម្មការបានរៀបចំពិធីតាមបែបព្រះពុទ្ធសាសនា នៃយើងរួចមក ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍បញ្ជាក់បន្ថែមថា របបប្រល័យពូជសាសន៍ ប៉ុលពត បានសាបព្រួសឧក្រិដ្ឋកម្មរាប់មិនអស់មកលើរចនាសម្ព័ន្ធសង្គមទាំងមូល ត្រូវច្របូកច្របល់ក្រឡាប់ចាក់រលំរលាយ ប្រជាជន ត្រូវគេដកហូតនូវសិទ្ធិសេរីភាព សូម្បីតែការរស់នៅជាមនុស្សក៏គ្មានផង គឺមានតែទារុណកម្ម ការកាប់សម្លាប់ និងការបំផ្លិចបំផ្លាញប៉ុណ្ណោះដែលប្រជាជនត្រូវទទួល។ ផ្ដើមចេញពីទង្វើដ៏កាចសាហាវ អមនុស្សធម៌ នាយុគសម័យដ៏ខ្មៅងងឹត ក្រោមការត្រួតត្រានៃរបបប្រល័យពូជសាសន៍ ដែលពាក់ផ្លាកកម្ពុជាប្រជាធិបតេយ្យ ដើម្បីបោកបញ្ឆោតមតិជាតិនិងអន្តរជាតិ រួចចាប់អនុវត្តនយោបាយប្រល័យពូជសាសន៍ រំលោភច្បាប់ស្ដីពីការគោរពសិទ្ធិមនុស្ស តាមទិសស្លោកដែលអង្គការកំណត់គឺ “វាយខ្ទេច បំផ្លាញខ្ទេច ” ជីកស្មៅត្រូវជីកទាំងឬស “និង ” ទុកក៏មិនចំណេញដកចេញក៏មិនខាត “។
ឯកឧត្តមបន្តថា ដោយក្តាប់បាននូវចរិត និងផែនការប្រកបដោយមហន្តរាយ ដែលនាំទៅដល់ការការរលំរលាយសាបសូន្យសំរាប់ប្រជាជាតិកម្ពុជាទាំងមូល កំលាំងសាមគ្គីប្រជាជាតិមួយ ត្រូវបានប្រមូលផ្ដុំជាចលនាតស៊ូប្រឆាំងនឹងរបបកម្ពុជាប្រជាធិបតេយ្យ នៅតំបន់មួយចំនួនក្រោយមកចលនានេះ ត្រូវបានប្រមូលផ្ដុំបង្កើតឡើង ជារណសិរ្សសាមគ្គីសង្គ្រាមជាតិ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៧៨ ហើយបានប្រមូលផ្ដុំគ្នាយ៉ាងឆាប់រហ័សជាកម្លាំងសាមគ្គីជាតិក្រោមទង់រណសិរ្ស ធ្វើការវាយសំរុកយ៉ាងខ្លាំងក្លាលើរបបប្រល័យពូជសាសន៍ រហូតបានទទួលជ័យជំនះ នាថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។
បញ្ចប់នៃកម្មវិធីគោរពវិញ្ញាណក្ខ័ន្ធ គណៈអធិបតីបានរាប់បាត្រដល់ព្រះសង្ឃ ១០០ អង្គនិងសូមបុញ្ញរាសី កុសលផលបុណ្យនៃពិធីបង្សុកូល រាប់បាត្រថ្ងៃនេះសូមជួយបីបាច់ថែរក្សាវិញ្ញាណក្ខ័ន្ធ ប្រជាជនដែលបាត់បង់ជីវិតយ៉ាងសែនទារុណខ្លោចផ្សារក្រោមរបបប្រល័យពូជសាសន៍ សូមបានអណ្តែតត្រសែតទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕