ខេត្តព្រះវិហារ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញបន្តបេសកកម្មក្នុងខេត្តព្រះវិហារ ជួបសំណេះសំណាល សួរសុខទុក្ខអ្នកជំងឺ និងមន្រ្តីសុខាភិបាល ព្រមទាំងពិនិត្យការបម្រើសេវាសុខាភិបាលក្នុងមណ្ឌលសុខភាពកោះកេរ្ត៍ នៃស្រុកប្រតិបត្តិត្បែងមានជ័យ ចម្ងាយប្រមាណ ៦០គីឡូម៉ែត ពីក្រុងព្រះវិហារ ។
នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើការណែនាំទៅមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត ជួយធ្វើការបណ្ដុះបណ្ដាលបច្ចេកទេសបន្ថែមទៀត ជូនដល់មន្ត្រី និងបុគ្គលិកទៅតាមជំនាញ ដើម្បីលើកកម្ពស់ និងពង្រឹងសមត្ថភាពនៃការបម្រើសេវាថែទាំសុខភាពឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏នាំយកឱសថ សម្ភារៈបរិក្ខាពេទ្យបន្ថែមចាំបាច់មួយចំនួន ជូនដល់មណ្ឌលសុខភាព សម្រាប់ប្រើប្រាស់ក្នុងការបម្រើសេវាសុខាភិបាល។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានធ្វើចំណារនៅក្នុងកំណត់ត្រារបស់មណ្ឌលសុខភាពដោយបានកោតសរសើរនូវវីរភាពរបស់មន្រ្តីសុខាភិបាលនៅមណ្ឌលសុខភាពកោះកេរ្ត៍ ដែលបានបម្រើសេវាជូនប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ខ្ពស់ និងបានផ្ដល់អនុសាសន៍សំខាន់ៗ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានសុខភាពល្អនិងកាន់តែ មានភាពជឿជាក់ ៕
ឮ