ចេញផ្សាយនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥
ខេត្តបន្ទាយមានជ័យ៖នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃអគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានរៀបចំ សិក្ខាសាលាប្រឹក្សាយោបល់ស្ដីពីពង្រឹងសមត្ថភាពអ្នកផលិតនិងកែច្នៃផលិតផល នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅសាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីបណ្ដាអង្គភាពពាក់ព័ន្ធ ក្រុមនិស្សិតសាកលវិទ្យាល័យនិងបងប្អូនក្រុមអ្នកផលិតកែច្នៃនៅក្នុងស្រុកទូទាំងខេត្ត។ គោលបំណងនៃសិក្ខាសាលានៅថ្ងៃនេះគឺផ្ដោតទៅលើកិច្ចសម្របសម្រួលក្នុងការបង្កើន ផលិតកម្មនិងកែច្នៃប្រកបដោយ ការវេចខ្ចប់ដោយគុណភាពសុវត្ថិភាពអនាម័យស្តង់ដារសម្រាប់ពង្រីកទីផ្សារនាំចេញនិង ដើម្បីបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់លទ្ធផលនៅក្នុងស្រុក នឹងរួមចំណែកកាត់បន្ថយការនាំចូលផលិតផលពីបរទេសនិងបង្កើនកម្លាំងពលកម្មក្នុងស្រុកកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ ។
លោក កែ សួនសុភាព អភិបាលរង ខេត្តបានមានប្រសាសន៍ថា ការប្រកួតប្រជែងផលិតផលផ្សេងផ្សេង នៅលើទីផ្សារបច្ចុប្បន្នមានលក្ខណៈកាន់តែស្មុគស្មាញ និងទាមទារឲ្យយើងមានការអភិវឌ្ឍខ្លួនឥតឈប់ឈរដូចនេះយើងជាអ្នកផលិតកែច្នៃ ត្រូវលើកកម្ពស់គុណភាពផលិតដោយស្តង់ដារ អាចកែច្នៃវេចខ្ចប់ការប្រើប្រាស់បច្ចេកវិទ្យា អាចឈរជើងបានរឹងមាំនិងទទួលបានការគាំទ្រពីអតិថិជនកាន់តែច្រើន។
លោក តាន់ យុវរដ្ឋ អគ្គនាយករងជំរុញពាណិជ្ជកម្មបានមានប្រសាសន៍ថា គោលបំណងនៃសិក្ខាសាលាប្រឹក្សាយោបល់នេះគឺដើម្បីពង្រឹងសមត្ថភាព អ្នកផលិតឲ្យអភិវឌ្ឍ ផលិតផលរបស់ខ្លួនស្របតាមស្តង់ដារលក្ខណៈតម្រូវ ការកំណត់ដោយច្បាប់និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រយោជន៍ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងតាមរយៈការជ្រៀតចូលព្រមទាំងបែបបទនៃការនាំចេញទំនិញទៅកាន់ទីផ្សារនិងក្រៅប្រទេស។
លោក តាន់ យុវរដ្ឋ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់លើកស្ទួយ សហគ្រាស ទាំងក្នុងនិងក្រៅប្រព័ន្ធក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចកម្ពុជា និងបានចាត់ទុកវិស័យឯកជនជាឆ្អឹងខ្នងសេដ្ឋកិច្ចយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។ លោក ឡុច សុខនា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារបានឡើងធ្វើបទបង្ហាញស្ដីពីការងារអភិវឌ្ឍទីផ្សារនិងកិច្ចសម្រួលពាណិជ្ជកម្ម។ ក្នុងនោះផងដែរតំណាងក្រុមហ៊ុនសិប្បកម្មតម្បាញសូត្រ និងសមាគមន៍ កន្រ្តកស្នាដៃខ្មែរបានឡើងធ្វើបទបង្ហាញក្នុងសិក្ខាសាលានេះផងដែរ៕