(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្តឹងពីជនរងគ្រោះជាសន្តិសុខយាមតាមរោងការ ស្តីពីករណីលួច (កៅអីដែក តុឈើ និងកៅអីអេប៉ុងដេរស្បែកពូក)ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៧ និង២០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចក្លឹបកម្សាន្តTNLស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ រួចមកម្លាំងជំនាញបានចុះទៅ ដល់កន្លែងកើតហេតុខាងលើ ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង០៩និង០០នាទីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះមឿន មល់ ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណរួមទាំងដកហូតវត្ថុតាង កៅអីអេប៉ុងដេរស្បែកពូកពណ៌ខ្មៅ ចំនួន០១ (ប្រគល់ជូនជនរងគ្រោះវិញ),កង់គួក ពណ៌ខ្មៅ ចំនួន០១គ្រឿង, ដែកដាប់ កូនកាំបិត និងកន្រ្តៃ ព្រមទាំងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី និងបានធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀនផងដែរ។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចរបស់ដូចក្នុងបណ្ដឹងពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕