ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម

ចេញផ្សាយនាយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥

(ភ្នំពេញ)៖ក្នុងដំណើរ​ទស្សនកិច្ចមក​កាន់​សាធារណរដ្ឋសង្គម​និយមវៀតណាម ដើម្បីចូលរួមពិ​ធីអបអរ​សាទរខួបអ​នុស្សាវ​រីយលើកទី៥០ នៃទិវារំដោះទឹកដីភាគខាងត្បូង និងបង្រួ​បបង្រួមជា​តិវៀតណាម នៅទីក្រុងហូជីមិញ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ បានអញ្ជើញជួបពិភាក្សាជា​មួយថ្នាក់ដឹ​កនាំបណ្ដា​សាលានគ​របាលប្រជា​ជនភាគខា​ងត្បូងប្រ​ទេស ចំណុះក្រសួងនគរបាល នៃសាធា​រណរដ្ឋសង្គមនិយមវៀតណាម។ នេះបើតាម​លោក រ៉េន រ​តនៈ ជំនួយការ និ​ងជាអ្នក​នាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត

លោក រ៉េន រតនៈ បានឱ្យដឹងថា ជំនួបនេះ បានប្រព្រឹត្តទៅនៅមហាវិទ្យាល័យតម្រួតប្រជាជន ទីក្រុង​ហូជីមិញ នារសៀ​លថ្ងៃទី២៨ ខែមេ​សា ឆ្នាំ២០២៥ ដោយក្នុងឱកាសនោះ តំណាងភាគីវៀតណាម បានថ្លែង​បង្ហាញក្ដីរីករាយដែល​បានទទួលបដិសណ្ឋារកិច្ចឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមជាថ្នា​ក់ដឹកនាំថ្មីក្រ​សួងមហាផ្ទៃ ព្រមទាំងគណៈប្រតិភូ និងបានធ្វើ​សេចក្ដីរាយកា​រណ៍សង្ខេប​ជូនប្រតិភូក្រ​សួងមហាផ្ទៃ អំពីសាវតានៃកិ​ច្ចសហប្រតិការក្នុងវិស័​យបណ្ដុះបណ្ដាល​កងកម្លាំងជាមួ​យក្រសួង​មហាផ្ទៃ​កម្ពុជា និងកិច្ច​សហប្រតិបត្តិកា​រជាមួយបណ្ដាគ្រឹះ​ស្ថានបណ្ដុះបណ្ដា​លកងកម្លាំងនៃ​បណ្ដា​ប្រទេសក្នុង​តំបន់ និងពិភពលោក។

បើតាម​លោក រ៉េន រតនៈ ក្នុងជំនួប​នោះដែរ​ ឯកឧត្តមអភិស​ន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណ​រគុណចំ​ពោះការបដិសណ្ឋារ​កិច្ច និងជាពិសេស​ការចូលរួមយ៉ាងសកម្ម របស់ភា​គីវៀតណា​ម ក្នុងការទទួលបណ្ដុះបណ្ដាលកង​កម្លាំងក្រសួងមហាផ្ទៃ ស្របតាមស្មារតី​នៃកិច្ចសហ​ប្រតិបត្តិការទ្វេភាគី ឈរលើមូល​ដ្ឋាននៃមរតក​កិច្ចសហប្រតិបត្តិកា​រដ៏ល្អរវាង​ថ្នាក់ដឹកនាំនៃ​ប្រ​ទេសទាំងពីរ ចា​ប់តាំងពីក្រោយថ្ងៃរំដោះ៧មករា១៩៧៩ បន្តដល់រាជរដ្ឋាភិបាល​ក្រោមការដឹក​នាំរបស់សម្ដេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដោយមានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការ និងបច្ចុប្បន្ន រាជរដ្ឋាភិបាលនីតិ​កាលទី៧ នៃរ​ដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី​នៃកម្ពុជា។

អ្នកនាំ​ពាក្យដដែល​ បានឱ្យដឹងទៀតថា ឯកឧត្តមអ​ភិសន្តិបណ្ឌិត ក៏បានយកឱកាសនោះ ទាញចំ​ណា​ប់អារម្មណ៍ភាគីវៀតណាម អំពីភាពកាន់តែ​សំខាន់នៃការងា​របណ្ដុះបណ្ដាល​ពង្រឹងគុណភា​ពធនធានមនុស្សដែលជាកងកម្លាំង ដើម្បីឆ្លើយត​បនឹងការវិវត្ត​ប្រែប្រួលដ៏ស្មុ​គស្មាញនៃស​ភាពការ​ណ៍​សន្តិ​សុខក្នុងតំ​បន់ និងពិភពលោក ជាពិសេ​សការពើប​ប្រទះជាបន្តបន្ទា​ប់នូវបទល្មើស​ប្រ​ឈមថ្មីៗ  ទាម​ទារជាចាំបាច់នូវមន្រ្តី និង​កម្លាំងមានសមត្ថភាព និងវិជ្ជាជីវៈ និងតម្រូវការបណ្ដុះ​បណ្ដាល​ ផ្លាស់ប្ដូរ និងចែក​រំលែកបទពិសោធ​ន៍ជាប្រចាំ ដូចដែលកម្ពុជា និងវៀតណាម បាននិ​ងកំពុងអនុវត្តសព្វថ្ងៃ។

សូមបញ្ជាក់ថា ​គណៈប្រតិភូ​ជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលចូលរួមក្នុងដំណើ​រទស្សនកិច្ចឯកឧត្ត​មអភិសន្តិប​ណ្ឌិត រួមមាន ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការ ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការ ឯកឧត្តម គៀត ច័ន្ធថារិទ្ធ រដ្ឋលេខាធិការ ឯកឧត្តមនា​យឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការ អគ្គនាយកអន្តោប្រវេសន៍ អគ្គនាយកអត្តសញ្ញាណកម្ម  ព្រមទាំងមន្រ្តីពា​ក់ព័ន្ធមួយចំនួនទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *