ពិធីឆ្លងកុដិ បណ្ណាល័យជួសជុលថ្មី និងប្រគេនព្រះរាជក្រឹត្យដល់ព្រះតេជគុណ ព្រះព្រហ្មសីលវ័ន ជុំ សំណាង ជាព្រះរាជាគណៈថ្នាក់កិត្តិយស នៅវត្តហ្លួង ស៊ីសុវត្ថិរតនារាម ក្នុងស្រុកមង្គលបុរី
(បន្ទាយមានជ័យ)៖លោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងកុដិ បណ្ណាល័យជួសជុលថ្មី និងប្រគេនព្រះរាជក្រឹត្យដល់ព្រះតេជគុណ ព្រះព្រហ្មសីលវ័ន ជុំ សំណាង ជាព្រះរាជាគណៈថ្នាក់កិត្តិយសនៅវត្ត ហ្លួងស៊ីសុវត្ថិរតនារាមក្នុងស្រុកមង្គលបុរី។
លោកជំទាវ នួម សុភ័ណ សមាជិកសភាប្រចាំមណ្ឌលបន្ទាយមានជ័យបានមានប្រសាសន៍ថា ការរៀបចំប្រារព្ធធ្វើពិធីប្រគេនព្រះរាជក្រឹត្យតែងតាំង ព្រះព្រហ្មសីលវ័ន ជុំសំណាង ឲ្យឡើងជាព្រះរាជគណៈថ្នាក់កិត្តិយស គឺជាងារព្រះមន្ត្រីសង្ឃថ្នាក់កិត្តិយសជាន់ខ្ពស់មួយក្នុងព្រះ ពុទ្ធសាសនាដែលឡាយព្រះហស្តដោយព្រះករុណា ព្រះបាទនរោត្ត សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈព្រះមេគណខេត្ត លោកប្រធានមន្ទីរធម្មការ និងសាសនា សម្ដេចព្រះសង្ឃនាយក និងឯកឧត្តម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយសំណើសុំព្រះរាជក្រឹត្យតែងតាំងឲ្យឡើងជាព្រះរាជាគណ គោលបំណងរៀបចំរចនាសម្ព័ន្ធមន្ត្រីសង្ឃ ក៏ដូចជាការបំពេញ បន្ថែមរចនា សម្ព័ន្ធមន្ត្រីសង្ឃតាមឋានានុក្រមសម្រាប់ គ្រប់គ្រង ដឹកនាំនិងអនុវត្តការងារតាមវត្តអារាម ជាពិសេសពង្រឹងគុណភាពលើអភិបាលកិច្ច គ្រប់លំដាប់ថ្នាក់ក្នុងជួរមន្ត្រីសង្ឃទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោកជំទាវ នួម សុភ័ណ បន្តថា ម្យ៉ាងវិញទៀតពិធីប្រគេនព្រះរាជក្រឹត្យនេះ ជាការឆ្លុះបញ្ចាំងឲ្យឃើញពីការរួបរួមចំណែកអនុវត្តកម្មវិធីគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ នៃរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជានឹងជួយផ្សព្វផ្សាយគោលគ្រឹះ ព្រះធម៌ ព្រះពុទ្ធសាសនា សីល សមាធិ បញ្ញា និងទាន សីល ភាវនា អប់រំមហាជន ប្រជាជនឲ្យយល់ដឹងនិងជ្រួតជ្រាបពីអ្វីដែលល្អ និងអ្វីដែលអាក្រក់ វាចាកអំពើបាបនិងអបាយមុខទាំងឡាយមានលោកភ័ក្រ្ត ទូរសព្ទមហា ដែលនាំអោយអន្តរាយដល់ទ្រព្យសម្បត្តិ សេចក្ដី សុខជីវិតមនុស្ស និងសន្តិសុខសណ្ដាប់ធ្នាប់សង្គម និងស្គាល់គុណ ស្គាល់ទោស នឹងធ្វើឲ្យពិភពលោកទាំងមូលមានសុខសន្តិភាព ដូចគាថាលោកសម្ដែងថា«នត្ថិ សន្តិ បរំ សុខំ» ពុំមានសេចក្ដីសុខណាប្រសើរជាងសេចក្ដីស្ងប់ឡើយ។ជាចុងក្រោយគណៈអធិបតី ក៏បានប្រគល់លិខិតថ្លែងអំណរគុណដល់សប្បុរជន និងស្រោចស្រពសុគន្ធវារី ដល់ព្រះតេជគុណព្រះព្រហ្មសីលវ័ន ជុំ សំណាង ជាកិច្ចបញ្ចប់នៃពិធី៕