កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀន ពីទីតាំងផ្សេងគ្នានៅក្រុងបោ៉យប៉ែត ដោយឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់សរុបចំនួន១៣នាក់
ខេត្តបន្ទាយមានជ័យ៖កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះបង្ក្រាប ករណីជួញដូរនិងចែកចាយគ្រឿងញៀន លើទីតាំងចំនួន២ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់សរុបចំនួន១៣នាក់ និងដកហូតបាននូវវត្ថុតាងមួយចំនួន ស្ថិតភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនាចុងសប្តាហ៍នេះ។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត បានឲ្យដឹងថា៖ការចុះប្រតិបត្តិការណ៍បង្ក្រាបករណីគ្រឿងញៀននេះបានធ្វើឡើងក្រោយពីទទួលបានសេចក្តីរាយណ៍ការពីប្រជាពលរដ្ឋ និងមានការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ទើបលោកដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់សរុបចំនួន១៣នាក់ នៅទីតាំងផ្សេងគ្នាដោយទីតាំងទី១.ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ ម្ចាស់ផ្ទះឈ្មោះ ស៊ុន ពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិមិត្តភា សង្កាត់/ក្រុងប៉ោយប៉ែត ។ដកហូតវត្ថុតាងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា១ថង់និងថ្នាំញៀនគ្រាប់ពណ៌ក្រហម១ថង់។
ទីតាំងទី២.ឃាត់ខ្លួនជនសង្ស័យបានចំនួន៨នាក់ ម្ចាស់ផ្ទះឈ្មោះ ធឿន រឿត ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិជាមួយគ្នា។វត្ថុតាងដកហូតគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា១ថង់ និងកូនជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង ។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត បានបញ្ជាក់ថា៖ក្រោយឃាត់ជនសង្ស័យប្រុស/ស្រីទាំង១៣នាក់ និងវត្ថុតាងគ្រឿងញៀន ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរ និងកសាងសុំណុំរឿងចាត់ការបន្តនិតិវិធី៕