ឯកឧត្តមបណ្ឌិត អៀង ស៊ុនលី ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យ ២០៥០

ខេត្តព្រះសីហនុ៖ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការគោល (Blueprint) ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យ ២០៥០។
ឯកឧត្តមបញ្ជាក់ទៀតថា កម្ពុជាបាន សម្រេចនូវមូលដ្ឋានគ្រឹះដ៏រឹងមាំក្រោមការដឹកនាំដ៏ប៉ិនប្រសប់ នៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ កាលពីចុងឆ្នាំ ១៩៩៨ នាំមកនូវសន្តិភាព ស្ថិរភាព និងឯកភាពជាតិ និងទឹកដីពេញលេញ ដែលជាបុព្វលក្ខខណ្ឌ ចាំបាច់នៃការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់ជាមធ្យមក្នុងមួយឆ្នាំក្នុងរយៈពេល ៧% ប្រមាណ ២ទស្សវត្សរ៍ចុងក្រោយនេះ។ ការណ៍នេះជំរុញឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស.ស) មនុស្សម្នាក់កើនពី ២៥៣ដុល្លារអាមេរិក នៅឆ្នាំ១៩៩៨ ដល់ ១៧០០ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ កាត់បន្ថយភាពក្រីក្រមកស្ថិតក្នុងរង្វង់ប្រមាណ ១៧,៨% ក្នុងឆ្នាំ២០២០ និងរុញកម្ពុជាឱ្យចាកផុតពីប្រទេសមានចំណូលកម្រិតទាបនៅឆ្នាំ២០១៦។ ឈរលើមូលដ្ឋានគ្រឹះប្រកបដោយសុទិដ្ឋិនិយមខាងលើ រាជរដ្ឋាភិបាលបានកំណត់គោលដៅឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ដើម្បីសម្រេចបាននូវមហិច្ឆតានេះ កម្ពុជាត្រូវបន្តនូវកំណើនសេដ្ឋកិច្ចខ្ពស់រឹងមាំប្រកបដោយភាពធន់ និងបរិយាប័ន្ន ក្នុងបរិបទសកល ដែលផ្លាស់ប្តូរឥតឈប់ឈរ និងបដិវត្តន៍ឧស្សាហកម្មទីបួន។ ក្នុងន័យនេះ ការបន្តអនុវត្តកំណែទម្រង់នានា នឹងបន្តមានសារៈសំខាន់យ៉ាងខ្លាំង ជាពិសេសកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានចាត់ទុកជាកម្មវិធីកែទម្រង់ស្នូលមួយ និងជាឆ្អឹងខ្នង នៃការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រកបដោយជោគជ័យ និងចីរភាព កែទម្រង់គឺរស់ មិនកែទម្រង់គឺស្លាប់៕