ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម រួមជាមួយ ឯកឧត្តម កែវ អូម៉ាលីស្ស ដឹកនាំមន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ដាំដើមឈើជាង ២.០០០ដើម នៅភូមិរលួស ឃុំត្រពាំងព្រះ

ខេត្តកំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា  អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយ ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ដាំដើមឈើជាង ២.០០០ដើម នៅភូមិរលួស ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម កែវ អូម៉ាលីស្ស បានថ្លែងកោតសរសើរអាជ្ញាធរខេត្តកំពង់ចាម ក៏ដូចជាមន្ត្រីជំនាញ ពិតជាធ្វើបានច្រើនក្នុងការចូលរួម ក្នុងសកម្មភាពដាំដើមឈើ នាពេលកន្លងមក ដូចៗជាការដាំដើមឈើតាមបណ្ដោយផ្លូវធំ ផ្លូវតូច តាមវត្តអារាម និងសាលារៀនជាដើម ដែលជាការងារមួយយ៉ាងសំខាន់ ដើម្បីបំផុសចលនា ឱ្យប្រជាពលរដ្ឋយើងចូលរួម ដាំដើមឈើ ចេះស្រឡាញ់ និងចេះថែរក្សា ការពារផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម កែវ អូម៉ាលីស្ស សន្យានឹងជួយសហការផ្តល់ដើមឈើបន្ថែមទៀត និងជំរុញក្នុងការដាំដើមឈើនៅតំបន់ភូមិសាស្ត្រភូមិរលួស ឃុំត្រពាំងព្រះនេះ ឲ្យក្លាយជាតំបន់មានគម្របបៃតងនាពេលអនាគត។

ក្នុងឱកាសនោះអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ក៏ដូចជាភាគីពាក់ព័ន្ធ សូមជួយថែរក្សានៅដើមឈើដែលបានដាំ លើផ្ទៃដី ៣ហិចតា លើផ្ទៃដីដែលមានទំហំ៥ ហិចតានេះ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដើមឈើបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋយើង ពោលតាំងពីពេលកើត រហូតដល់ពេលស្លាប់ គឺត្រូវការការប្រើប្រាស់ឈើទាំងអស់។ ដូច្នេះប្រជាពលរដ្ឋយើង ត្រូវរួមគ្នាដាំដើមឈើ និងចេះស្រឡាញ់ ថែរក្សា ដើមឈើទាំងអស់គ្នា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button