ឆេះសណ្ឋាគារអន្តរជាតិ V9 បណ្ដាលឲ្យមនុស្សប្រុសស្រីចំនួន ៤នាក់ ជាជនជាតិបរទេស រងរបួសធ្ងន់ និងស្រាល ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ក្នុងក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖យ៉ាងហោចណាស់មានមនុស្សប្រុស ស្រីចំនួន ៤នាក់ ជាជនជាតិបរទេស បានរងរបួសធ្ងន់ និងស្រាល ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯបន្ទីរពេទ្យ ក្នុងក្រុងប៉ោយប៉ែតភ្លាមៗ ក្នុងហេតុការណ៍គ្រោះអគ្គីភ័យ ឆាប់ឆេះអាគារដែលមានកម្ពស់រហូតទៅដល់១១ជាន់ ឈ្មោះ “សណ្ឋាគារអន្តរជាតិ V9 ” ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ។
បើតាមប្រភពព័ត៌មានច្បាស់ការពីកន្លែងកើតហេតុបានឲ្យដឹងថា ការឆាបឆេះនេះគឺផ្ដើមចេញពីការឆេះពូក នៅក្នុងបន្ទប់ជាន់ទី៩ បង្កការភ្ញាក់ផ្អើល និងមានការភិតភ័យ រហូតមានម្នាក់លោតពីលើអគារកម្ពស់ ៦ជាន់មកតឺលើកដំបូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងរបួសធ្ងន់ និងម្នាក់ទៀតឈ្លក់ផ្សែង ត្រូវបានដាក់អុកស៊ីសែនជួយសង្គ្រោះភ្លាមៗ ផងដែរ។ ចំណែកពីរនាក់ផ្សេងទៀតរងរបួសស្រាល សរុបទាំងអស់ ៤នាក់ ស្រីម្នាក់ (ជាជនជាតិបរទេសទាំងអស់)។
ក្នុងរង្វង់នៃកិច្ចប្រតិបត្តិការចុះជួយសង្គ្រោះនោះដែរ គេសង្កេតឃើញមានកម្លាំងសមត្ថកិច្ចចម្រុះ មានទាំងកម្លាំងនគរបាល កម្លាំងអាវុធហត្ថ កម្លាំងយោធា អាជ្ញាធរមូលដ្ឋាន រួមជាមួយក្រុមយុវជនសង្គ្រោះបឋមក្រុងប៉ោយប៉ែត ក្រុមគ្រូពេទ្យ ដោយនាំមកជាមួយនូវរថយន្តសង្គ្រោះ បំពង់ពន្លត់អគ្គីភ័យ និងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងផងដែរ។ ក្នុងនោះក៏មានវត្តមានថ្នាក់ដឹកនាំ ទាំងថ្នាក់មូលដ្ឋាន ក្រុង និងខេត្ត បានចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ រហូតដល់វេលាម៉ោង៦និង១៥នាទី ពោលគឺរយៈពេលកន្លះម៉ោងភ្លើងត្រូវបានរលត់ជាស្ថាពរ ។
ករណីអគ្គីភ័យដែលផ្ដើមចេញពីការឆេះពូកនៅក្នុងបន្ទប់នេះ អាជ្ញាធរដាក់ការសង្ស័យជំហានដំបូងថា អាចបណ្ដាលមកពីទុសេខ្សែភ្លើង តែប្រភពដាច់ដោយឡែកសង្ស័យថា អាចជនបរទេសជក់បារីធ្លាក់កម្ទេចភ្លើងលើពូក ទើបធ្វើឲ្យឆេះ ចំណែកទំហំនៃការខូចខាតនូវមិនទាន់ដឹងនៅឡើយសមត្ថកិច្ចកំពុងតែធ្វើការសិក្សាតាមនីតិវិធី៕