កម្លាំងអន្តរាគមន៍ កងពលតូចថ្មើរជើងលេខ៥១ ជួយរុះរើ និងជួសជុលផ្ទះ ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់
![](https://www.kmctvonline.com/wp-content/uploads/2023/07/photo_2023-07-22_09-14-49-780x470.jpg)
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើជើងលេខ៥១ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ បានចាត់តាំងកម្លាំងអន្តរាគមន៍ វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំដោយលោកវរសេនីយ៍ត្រី ទូច ណាន មេបញ្ជាការរង វរសេនាតូចថ្មើរជើងលេខ៥១៤ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ចុះជួយរុះរើជួសជុលផ្ទះ ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ ស្ថិតនៅភូមិផ្ចឹក ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៦:៣០នាទី មានភ្លៀងធ្លាក់ និងលាយឡំដោយខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះ និងសម្ភារមួយចំនួន ។ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ជួយសម្រួលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា កងកម្លាំងចម្រុះរួមជាមួយអាជ្ញាធរមូលដ្ឋាន បានរួមគ្នាខិតខំជួយជួសជុលជូនប្រជាពលរដ្ឋបានស្នាក់នៅឡើងវិញ។
ក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង និងគ្រប់វេលា ៕