ម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្តាលមនុស្សចំនួន៣នាក់ រងរបួសធ្ងន់ និងស្រាល នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្តាលមនុស្ស ១នាក់រងរបួសស្រាល និង ២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានកម្លាំងនគរបាល រួមជាមួយនឹងក្រុមយុវជនស្ម័គ្រចិត្តសង្គ្រោះបឋម ក្រុងប៉ោយប៉ែត ដឹកនាំដោយលោក នួន នីគីដា ដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ ផងដែរ នាព្រឹកថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៣ តាមផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិ/សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖នៅមុនពេលជួបគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញម៉ូតូម៉ាក់ហុងដាឌ្រីម១គ្រឿងឌុបគ្នា២នាក់ បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនបានឡើងវ៉ារថយន្តស្របទិសគ្នា បណ្តាលឲ្យបុកម៉ូតូហុងដាឌ្រីម១គ្រឿងទៀត ដែលកំពុងបើកបរបញ្ច្រាស់ទិសគ្នាយ៉ាងពេញទំហឹង បណ្តាលរបួសធ្ងន់ស្រាលចំនួន៣នាក់ ក្នុងនោះមាន២នាក់របួសធ្ងន់សន្លប់ស្តូកស្តឹង ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ។
បើតាមមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត ដែលបានចុះទៅធ្វើការសម្របសម្រួលចរាចរណ៍ និងធ្វើការវាស់វែងតាមជំនាញ ក្រោយពីកើតហេតុនោះ បានប្រាប់ឲ្យដឹងថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង គឺផ្តើមចេញការបើកបរក្នុងល្បឿនលឿនឡើងវ៉ាជែងគ្មានការប្រុងប្រយ័ត្ន ទើបបណ្តាលបុកពេញគ្នាយ៉ាងទំហឹងបណ្តាលមានអ្នករងរបួសធ្ងន់ស្រាល ចំនួន៣នាក់ និងម៉ូតូទាំង២គ្រឿងរងការខូចខាតយ៉ាងដំណុំបែបនេះ។
មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ទៀតថា៖ក្រោយធ្វើការវាស់វែងរួច ម៉ូតូទាំង២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលក្រុងប៉ោយប៉ែត ដើម្បីរងចាំដោះស្រាយគ្នាតាមច្បាប់ជាក្រោយ។សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះនៅក្នុងក្រុងប៉ោយប៉ែត មានយុវជនចំនួន ២០នាក់ ដែលបង្កើតជាក្រុមមានឈ្មោះថា«ក្រុមយុវជនស្ម័គ្រចិត្តសង្គ្រោះបឋម ក្រុងប៉ោយប៉ែត» ដឹកនាំដោយលោក នួន នីគីដា ដែលបានស្ម័គ្រចិត្តបម្រើសង្កមលើផ្នែកមនុស្សធម៌ ពិសេសផ្តោតទៅលើគ្រោះថ្នាក់ផ្សេងៗ ដែលកើតមានឡើងនៅក្នុងក្រុង ហើយក្រុមនេះ តែងតែធ្វើសកម្មភាពយ៉ាងសកម្ម ពិសេសទៅលើគ្រោះថ្នាក់ចរាចរណ៍មិនថាពេលយប់ឬថ្ងៃនោះទេ ឲ្យតែកើតមានឡើង ក្រុមពួកគាត់នឹងចុះទៅដល់គោលដៅជួយសង្គ្រោះបឋម មុននឹងបញ្ជូនទៅកាន់មន្ទីពេទ្យ ដោយប្រើប្រាស់មធ្យោបាយដូចជា ម៉ូតូ និងរថយន្ត ចំណាយថវិការផ្ទាល់ខ្លួនទិញសម្ភារៈពេទ្យក្នុងការជួយសង្គ្រោះ ។ដូច្នេះដើម្បីជាការកាត់បន្ថយចំណាយច្រើនរបស់ពួកគាត់ សូមស្នើឲ្យសប្បុរសធម៌នានាជួយឧបត្ថមជាសម្ភារៈពេទ្យតាមលទ្ធភាពដែលអាចធ្វើទៅបាន៕