សម្តេចតេជោ ចេញបទបញ្ជាឲ្យបិតល្បែងស៊ីសងគ្រប់ប្រភេទ មិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែនៅឃុំអង្គតាសោម ស្រុកត្រាំកក់ថ្លើមធំហានបើកល្បែងស៊ីសងប្រភេទឡូតូ ខែ ឆ្នាំ ទាំង១២ តាមប្រព័ន្ធលេបថប(កុំព្យូទ័រ) និងឆ្នោត លេងយ៉ាងភ្លូកទឹកភ្លូកដីទៅវិញ
ខេត្តតាកែវ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញបទបញ្ជាដាច់ណាត់ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ ចុះបង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសល្បែងតាមអនឡាញតែម្តង មិនទាន់បានប៉ុន្មានផងក៏ស្រាប់តែហាងកាហ្វេមួយកន្លែងនៅទីប្រជុំជនខាងជើងជាប់របងសាលាស្រុកត្រាំកក់ ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បើកឲ្យលេងល្បែងស៊ីសងប្រភេទឡូតូ ខែ ឆ្នាំ ទាំង១២ តាមប្រព័ន្ធលេបថប(កុំព្យូទ័រ)និងឆ្នោត ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៦ល្ងាច ជារៀងរាល់ថ្ងៃ យ៉ាងគ្រឹកគ្រេង ហូរកញ្ជៀវ ធ្វើឲ្យរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋទៅវិញ រីឯអាជ្ញាធរមូលដ្ឋាន ពិសេសអភិបាលស្រុក អធិការនគរបាលស្រុកត្រាំកក់ហាក់រក្សារស្ងៀមស្ងាត់។
ពាក់ព័ន្ធការបើកល្បែងស៊ីសងប្រឆាំងនឹងបទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំនេះដែរ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ក្រោយពីភ្នាក់ងារយើងបានផ្តិតយករូបភាពរួចក៏បានរាយការណ៍ជូនលោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ តាមបណ្តាញតេលេក្រាម លោកចូលមើលតែមិនឆ្លើយតបហាក់បីដូចជាមិនមានការយកចិត្តទុកដាក់នឹងបទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំទាល់តែសោះ ចំណែកលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ លោកបានប្រាប់តាមទូរស័ព្ទថា គេមានច្បាប់ត្រឹមត្រូវ តែទោះយ៉ាងនេះក្តី នាពេលកន្លងទៅថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ និងចេញបទបញ្ជាយ៉ាងដាច់ណាត់ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ ពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវមានវិធានការចុះបង្ក្រាបឲ្យខានតែបានដោយមិនយោគយល់ឡើយ រាល់ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសឆ្នោត និងល្បែងស៊ីសងតាមអនឡាញដូចជាជល់មាន់ ឡូតូ ជាដើមនៅតាមហាងគុយទាវ កាហ្វេ ។ក្នុងនោះសម្តេចបានសង្គត់ធ្ងន់ៗថា សម្តេចមិនញញើតជាមួយនឹងការដកចេញពីមុខដំណែងជាមួយអភិបាលខេត្ត អភិបាលរងខេត្ត អភិបាលស្រុក ឬឋានៈនាយទាហាន នគរបាល អាវុធហត្ថចាប់ពីស័ក្ក៥ឡើងលើ ។សម្តេចបានបញ្ជាក់ថា កន្លែងលេងល្បែងមួយចំនួនមិនមែនមន្ត្រីមូលដ្ឋានមិនដឹងនោះទេ ទាំងកម្លាំងនគរបាល និងអាវុធហត្ថ ឬមន្ត្រីរដ្ឋបាលរបស់យើង ក៏បន្តែបញ្ហាឋិតនៅត្រង់ថាអស់លោកមានឆន្ទៈធ្វើឬមិនធ្វើ ឬក៏ករណីនោះជាទីកន្លែងនៃការរកប្រាក់របស់អស់លោក ។សម្តេចបញ្ជាក់ទៀតថា ការធ្វើបែបនេះគឺដើម្បីសេចក្តីសុខទាំងអស់គ្នាដើម្បីភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព ។គោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព គឺបាននិយាយយ៉ាងច្បាស់ពីបញ្ហាភូមិ ឃុំ/សង្កាត់គឺគ្មានល្បែងស៊ីសង ក៏ប៉ុន្តែឥឡូវនេះភូមិ ឃុំ/សង្កាត់របស់យើងកំពុងមានល្បែងស៊ីសង បនល្បែង កន្លែងលេងល្បែងមិនឋិតនៅលើមេឃទេ វាឋិតនៅក្នុងភូមិនេះឯង។ដោយសារតែឥទ្ធិពលនៃការញៀនល្បែងស៊ីសងធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនលក់អស់ទ្រព្យសម្បត្តិ ដីធ្លី ព្រមទាំងជំពាក់បំណុលគេជំទិស បង្កបញ្ហាអសន្តិសុខសង្គមជាដើម។ ដូច្នេះស្នើឲ្យស្នងការនគរបាលខេត្តតាកែវ មានវិធានការផងទាន!!! បើពឹងមន្ត្រីថ្នាក់ក្រោមប្រហែលមិនអាចទៅរួចទេ សង្ស័យខ្លាចនូវអំណាចរបស់ម្ចាស់ទីតាំងខាងលើ៕ដោយ ៖ លោក ផូង បញ្ញា
សូមស្តាប់ប្រសាសន៍ បញ្ជារបស់សម្តេចតេជោ ដែលមានខ្លឹមសាដូចខាងក្រោម៖