យុវសិស្សម្នាក់ បានស្លាប់ភ្លាមៗ ខណៈជិះម៉ូតូសុខៗ ត្រូវបានរថយន្តកុងតឺន័រ បុកពីក្រោយកិនអូសជាច្រើនម៉ែត្រ នៅខណ្ឌពោធិ៍សែនជ័យ
(ភ្នំពេញ)៖ពិតជារន្ធត់ខ្លាំងណាស់យុវសិស្សម្នាក់ ខណៈកំពុងជិះម៉ូតូសុខៗ ត្រូវរថយន្តធំប្រភេទសណ្ដោងទូកុងទីន័របុកម៉ូតូកិនពីលើបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង នៅលើផ្លូវវេងស្រេង ត្រង់ចំណុចខាងមុខផ្សារត្រពាំងថ្លឹង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។
ជនរងគ្រោះមានឈ្មោះ ឆាន់ តុលា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ ។ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត1A-9922 ធ្វើដំណើរតាមបណ្តោយផ្លវវេង ស្រេងក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តកុងតឺន័រពាក់ស្លាកលេខភ្នំពេញ3E-1254 ធ្វើដំណើរមកពីក្រោយយ៉ាងលឿនហើយជ្រុលទៅបុកកិនអូសជនរងគ្រោះប្រហែល២០ម៉ែត្រ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។
ក្រោយពីកើតហេតុភ្លាមប្រជាពលរដ្ឋចាប់តៃកុងឡានបង្ករហេតុប្រគល់ជូនសមត្ថកិច្ច ។ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯមធ្យោបាយបង្ក ត្រូវបានកសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕