អាវុធហត្ថឃាត់ខ្លួនអ្នកលក់ភេសជ្ជៈតាមផ្លូវ បន្លំលក់គ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ )៖ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ នៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង បើកប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងមួយចំនួននៅចំណុចតារាងបាល់ទាត់ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ខៀវ សីហា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្ន រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ វត្ថុតាងដកហូតរួមមាន –ម៉្សៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន០៥កូនថង់កិប ទម្ងន់ ១១,៥១ក្រាម –ម៉ូតូកង់បី (កែច្នៃ) ចំនួន ០១គ្រឿង (ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1W-5620 –ទូរស័ព្ទដៃចំនួន០១គ្រឿង (ម៉ាកVIVO ពណ៌ខៀវ) –កូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា មុនពេលបង្រា្កប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជនសង្ស័យម្នាក់បើកម៉ូតូកង់បី លក់ទឹកភេសជ្ជៈតាមផ្លូវ ហើយបានបន្លំលក់គ្រឿងញៀន នៅចំណុចខាងលើ ភ្លាមនោះកម្លាំងបានចុះធ្វើការឆែកឆេឃើញមានថ្នាំញៀនក៏បានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ហើយនាំមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាមនីតិវិធី។ បន្ទាប់ពីឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានលក់ដូរដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង ជនសង្ស័យ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា បច្ចុប្បន្នជន សង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅរសៀល ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនិតិវិធី៕