មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារកងរាជរាជអាវុធហត្ថ ត្រីមាសទី១ និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ដែលមានស្នាដៃ
(បន្ទាយមានជ័យ )៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារកងរាជរាជអាវុធហត្ថ ត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ តម្រាយផ្លូវពិធីដង្ហែរព្រះអគ្គីកីឡា ដែលនឹងដង្ហែរមកដល់ទឹកដីខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។
កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់លោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាល័យជំនាញ លោកមេបញ្ជាការ–មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង–ស្រុក លោកប្រធានស្នាក់ការសន្តិសុខ នាយ នាយរងកងរាជអាវុធហត្ថ ចំនួន១០២នាក់ ។ពិធីនេះបានធ្វើឡើងនៅសាលប្រជុំធំ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
មានប្រសាសន៍នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានថ្លែងនូវការកោតសរសើរដល់អាវុធហត្ថទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច បម្រើប្រទេសជាតិ និងប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរនាពេលកន្លងមក ដោយបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយភូមិ–ឃុំមានសុវត្ថិភាព ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។
ជាមួយនឹងការសម្រេចលទ្ធផលការងារកន្លងមក លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានមានប្រសាសន៍ណែនាំដល់អាវុធហត្ថទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ព្រោះសុខភាព គឺជាកត្តាចម្បងដែលយើង ត្រូវយកចិត្តទុកដាក់ កាលណា មានសុខភាពល្អ យើងអាចធ្វើអ្វីៗសម្រេចដោយជោគជ័យ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងនាមអាវុធហត្ថ ដែលមានតួនាទីបម្រើជាតិ ប្រជាជន យើងក៏ត្រូវតែមានគុណធម៌ និងត្រូវដុសខាត់សមត្ថភាពនិងចំណេះវិជ្ជាបន្ថែម ដើម្បីចែករំលែកបទពិសោធន៍ដែលមាន ជូនដល់អង្គភាពរបស់យើង។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ចំនួន១២រូប រួមមាន ៖ ថ្នាក់វរសេនីយ៍ត្រី១រូប, អនុសេនីយ៍ឯក ២រូប , អនុសេនីយ៍ទោ១ ,អនុសេនីយ៍ត្រី ១ , នាយចំណង់២រូប និងព្រិន្ទបាលទោ៥រូប និងផ្តាស់ប្តូរមុខដំណែង២រូប និងទទួលបានប័ណ្ណសរសើរ ចំនួន២៥រូប មានសា្នដៃ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំឆ្នាំ២០២២ ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ៕