បិទផ្សាយក្បាលដីចំនួន៧ភូមិ ក្នុងស្រុកអង្គស្នួល ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ
ខេត្តកណ្តាល៖លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានដីក្នុងភូមិត្រពាំងអណ្ដែង ភូមិត្រពាំងរាំង ភូមិស្រែកណ្ដោល ភូមិត្រពាំងស្មាច់ ភូមិត្រពាំងទៃ ភូមិជោទ្រាច និងភូមិតាប្រាប ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ស្មើនិង៤,០៨៥ក្បាលដី សូមអញ្ជើញមកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នាចៀសវាងខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត ទំហំដី រឺប្រភេទដីជាដើម និងត្រូវផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានដីតំបន់ខាងលើនេះមកពិនិត្យទិន្នន័យក្បាលអោយបានគ្រប់ៗគ្នា ។ លោក ព្រំ ឆាត អំពាវនាវបែបនេះក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋនាព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣ នៅក្នុងវត្តទន្លេអ៊ុ ។
លោកបន្តថា៖ការបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធនាពេលនេះ គឺមានរយៈពេល ១៥ថ្ងៃគិតចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ដោយគិតបញ្ចូលទាំងថ្ងៃឈប់សម្រាកផងដែរ ។
លោកបានបន្ថែមថា៖ ក្នុងពេល១៥ថ្ងៃនេះ ជាការកំណត់ចុងក្រោយសម្រាប់អ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធមកពិនិត្យទិន្នន័យ ដើម្បីបញ្ជាក់ថា ទិន្នន័យក្បាលដី របស់បងប្អូនពិតជា ត្រឹមត្រូវដែររឺទេប្រសិនបើ មានកំហុសឆ្គងដោយប្រការណាមួយដូចជា ខុសឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត អាយុភេទ ទំហំដី និងប្រភេទទ្រព្យ ជាដើមនោះ ម្ចាស់ដី ត្រូវធ្វើការស្នើសុំកែតម្រូវក្នុងកំឡុងពេល ១៥ នេះ ក្រោយពីការបិទផ្សាយនេះចប់ជាស្ថាពរអ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធទាំងអស់ មិនអាចតវ៉ាបានទៀតឡើយ ។ដូចនេះ ក្រោយពេល ១៥ថ្ងៃ នៃការបិទផ្សាយ ត្រូវបានបញ្ចប់ក្រុមការងារ ដែលប្រចាំការនៅទីនោះ សូមធ្វើការសហការជាមួយអាជ្ញាធរដែនដី ជាពិសេសលោក មេភូមិ សូមជូនដំណឹងដល់ប្រជាពលរដ្ឋ មកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នា។
ជាមួយគ្នានោះដែរលោក សាន វណ្ណធុល អភិបាលរងស្រុកអង្គស្នួលបានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងភូមិទាំង៧ខាងលើ សូមបង្កលក្ខណៈផ្ដល់ភាពងាយស្រួល និងចូលរួមសហការអោយបានរលូនជាមួយក្រុមការងាចុះបញ្ជីដីធ្លី ដើម្បីអោយការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងដើម្បីអោយប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដី ដែលបញ្ជាក់ពីសិទ្ធិជាម្ចាស់ដីពិតប្រាកដ៕