សកម្មជនមកពីគណបក្សផ្សេងៗចំនួន៩នាក់ ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយះឯកឧត្តម ដួង តារា

(កណ្តាល)៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យបងប្អូនមកពីគណបក្សប្រឆាំង និងគណបក្សខ្មែរស្រលាញ់ជាតិចំនួន ០៩នាក់ ចូលជួបសម្តែងការគួរសម នៅគេហដ្ឋានរបស់ឯកឧត្តមផ្ទាល់ ស្ថិតនៅក្នុងភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល និងស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាតាមរយៈឯកឧត្តមផ្ទាល់។ ក្នុងឱកាសនោះក៏មានការអញ្ចើញចូលរួមពីលោក ជា សំហុង ជំនួយការរបស់ឯកឧត្តម ដួង តារា ផងដែរ។
អតីតសកម្មជនគណបក្សផ្សេងៗ ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយះឯកឧត្តម ដួង តារា នាពេលនេះរួមមាន៖លោក អ៊ឹម សុខលី អនុប្រធានខេត្តនៃគណបក្សកែទម្រង់កម្ពុជា,លោក លឿង សារុន អតីតមេឃុំទឹកវិល គណបក្ស(CNRP) ,លោក តុង វណ្ណៈ យុវជនមកពីគណបក្សខ្មែរស្រលាញ់ជាតិប្រចាំស្រុងស្អាង,លោក ប៉ែន សុភ័ក្រ បេក្ខភាពក្រុមប្រឹក្សានៃគណបក្សខ្មែរស្រលាញ់ជាតិ,លោក ថុង ចាន់ធឿន យុវជននៃគណបក្សខ្មែរស្រលាញ់ជាតិប្រចាំស្រុកស្អាង,លោកស្រី អ៊ឹម សុខខេង បេក្ខភាពក្រុមប្រឹក្សានៃគណបក្សខ្មែរស្រលាញ់ជាតិ ,លោក អ៊ុ វណ្ណា ក្រុមប្រឹក្សាឃុំទឹកវិល នៃគណបក្សខ្មែរស្រលាញ់ជាតិ,លោក ស្រេង ទូច យុវជនចលនានៃគណបក្សខ្មែរស្រលាញ់ជាតិប្រចាំស្រុកស្អាង,លោកស្រី ប៉ែន ពៅ បេក្ខភាពក្រុមប្រឹក្សាឃុំទឹកវិលនៃគណបក្សខ្មែរស្រលាញ់ជាតិ។
ក្នុងឱកាសសំណេះសំណាលនោះ លោក អ៊ឹម សុខលី បានលើកឡើងថា មូលហេតុដែលលោកបានសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រជាធាន គឺលោកមើលឃើញថា មិនមានគណបក្សណាដែលមានការដឹកនាំច្បាស់លាស់ ដែលនាំឲ្យកម្ពុជារួចផុតពីភ្លើងសង្គ្រាម និងមានការអភិវឌ្ឍន៍ មានសន្តិភាពដូចពេលនេះនោះទេ។ លោកបានបន្ថែមទៀតថា មូលហេតុដែលលោក និងសមាជិកដ៏ទៃសម្រេចចិត្តចូលរួមតាមរយៈឯកឧត្តម ដួង តារា នាពេលនេះគឺពួកគាត់បានមើលឃើញនូវអំពើល្អ និងការខិតខំជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងកិច្ចការមនុស្សធម៌របស់ឯកឧត្តម នាពេលកន្លងមក។
ឯកឧត្តម ដួង តារា ក៏បានទទួលស្វាគមន៍ដោយភាពរីករាយកក់ក្តៅ និងបានអរគុណចំពោះការស្នើសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធានគណបក្ស។ ឯកឧត្កមបានលើកទឹកចិត្តក្នុងការចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះគឺល្អប្រសើរបំផុត។ សូមឲ្យបងប្អូនដែលបានរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវតែខិតខំប្រឹងប្រែងធ្វើអំពើល្អ និងស្មោះត្រង់ជាមួយគណបក្ស។ឯកឧត្តមបានបន្ថែមទៀតថា ចំពោះរូបឯកឧត្តមផ្ទាល់គឺឯកឧត្តមមិនបានគិតពីតួនាទីរបស់ឯកឧត្តមនោះទេ អ្វីដែលសំខាន់បំផុតគឺឯកឧត្តមមានឱកាសបានជួយប្រជាពលរដ្ឋ បានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងបានធ្វើអំពើល្អ។ចំពោះបញ្ជីឈ្មោះបងប្អូនដែលស្នើសុំចូលជីវភាពនយោបានជាមួយគណបក្សប្រជាជនកម្ពុជាឯកឧត្តម នឹងបញ្ជូនបញ្ចីឈ្មោះបងប្អូនទៅគណៈកម្មាធិការគណបក្សខេត្តកណ្តាល ដើម្បីពិនិត្យ និងសម្រេចបញ្ជូលបងប្អូនជាសមាជិកគណបក្សប្រជាជនកម្ពុជា។
ចុងបញ្ចប់កម្មវិធីក៏មានការថតរូបអនុស្សាវរីយ៍ ហើយឯកឧត្តម ដួង តារា ក៏បានឧបត្ថមថវិការផ្ទាល់ខ្លួនជូនទៅបងប្អូន ដើម្បីជួយសម្រួលក្នុងការធ្វើដំណើរផងដែរ៕