មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ណែនាំដល់នាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថ នូវចំណុចសំខាន់ៗចំនួន១០ ដើម្បីប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ

(បន្ទាយមានជ័យ)៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆ្នាំ២០២២ និងលើកទិសដៅផែនការសកម្មភាពការងារ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅសាលប្រជុំ ធំ អគារសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង លោកប្រធាន–អនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការ–មេបញ្ជាការរងមូលដ្ឋានក្រុង–ស្រុកទាំង៩ លោកប្រធានស្នាក់ការសន្តិសុខ និងនាយទាហាន នៃកងរាជអាវុធហត្ថ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានណែនាំដល់នាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថ នូវចំណុចសំខាន់ៗចំនួន១០ រួមមាន៖
១–ត្រូវខិតខំយកចិត្តទុកដាក់នឹងកិច្ចការងារតាមតួនាទី–ភារកិច្ច របស់កងរាជអាវុធហត្ថ ។
២–ត្រូវគោរពច្បាប់ គោរពបទបញ្ជា គោរពឋានានុក្រមការងារ គោរពលក្ខន្តិក បទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ និងអនុវត្តឱ្យបានត្រឹមត្រូវការគោរពសិទ្ធិមនុស្ស ។
៣–ត្រូវបំពេញតួនាទីជាអ្នកដឹកនាំល្អ មានសីលធម៌ល្អ សុជីវធម៌ល្អ និងប្រតិបត្តិល្អនូវវិជ្ជាជីវៈ ក្នុងជួរកងរាជអាវុធហត្ថ ។
៤–ត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរនៅមូលដ្ឋាន និងនៅគ្រប់លំដាប់ថ្នាក់។
៥–ត្រូវមានកិច្ចសហប្រតិបត្តិការល្អ ជាមួយកម្លាំងសមត្ថកិច្ចឈរជើង ក្នុងភូមិសាស្ត្ររបស់ខ្លួន ។
៦–ចូលរួមគ្រប់សកម្មភាពការងារសង្គមនៅមូលដ្ឋាន ។
៧–ត្រូវគ្រប់គ្រងឱ្យបានល្អ មធ្យោបាយ បរិក្ខារ គ្រឿងបំពាក់ ដើម្បីធានាបម្រើកិច្ចប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់នៅមូលដ្ឋាន ។
៨–ត្រូវចូលរួមអនុវត្តន៍ឱ្យបានល្អគោលការណ៍ភូមិ–ឃុំ មានសុវត្ថិភាព ។
៩–ត្រូវមានសាមគ្គីឯកភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាមន្ទីរ អង្គភាព ស្ថាប័នក្នុងភូមិសាស្ត្រឈរជើង ។
១០–ត្រូវគោរពស្រឡាញ់ និងបម្រើប្រជាពលរដ្ឋ ស្របតាមទិសស្លោក “នៅឱ្យប្រជាជនស្រឡាញ់ ទៅឱ្យប្រជាជនរលឹក “។
សូមបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះដែរក៏មានការបំពាក់ឋាន្តរស័កជូនអាវុធហត្ថថ្នាក់ពលបាលឯក ចំនួន៤រូប ព្រមទាំងប្រគល់ ប័ណ្ណសរសើរជូនអាវុធហត្ថដែលមានស្នារល្អដៃចំនួន ១៧រូប (ក្នុងនោះអង្គភាព ស្រុកម៉ាឡៃ ចំនួន១) និងប្រគល់លិខិត សរសើរ ចំនួន ២២ រូបផងដែរ៕