ព័ត៌មានជាតិ

រដ្ឋបា​ល​ខេត្តប៉ៃ​លិន ​លា​ងសម្អាតផ្លូវ​ក្បែរ​ច្រកទ្វារ​អន្តរជា​តិ ដើម្បីទា​ក់ទាញ​ភ្ញៀវទេ​សច​រនាឱកាស​បុ​ណ្យចូ​លឆ្នាំស​កល

ខេត្តប៉ៃលិន៖ដោយមានការចង្អុលបង្ហាញ​ណែនាំ ពីលោក​ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ លោក​ ហុក សុផល អភិបាលរងខេត្ត បានដឹ​កនាំក្រុម​ការងាររដ្ឋបា​លស្រុកសា​លាក្រៅ និងក្រុមយុវជ​ន ស...ក ព្រមទាំងអាជ្ញាធរមូលដ្ឋាន បាននាំគ្នា​លាង​សម្អាត​ដងផ្លូវជាប់​នឹងច្រកទ្វារ​អន្តរជាតិព្រំ ស្ថិតក្នុងភូមិ​ផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលា​ក្រៅ ខេត្តប៉ៃលិន ដើម្បីទ​ទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាឱកា​សបុណ្យចូលឆ្នាំសកលឆាប់ៗ​ខាងមុខនេះ។

ក្នុងឱកាសដឹក​ក្រុមការងារចុះបាញ់​ទឹក លាងសម្អាតដងផ្លូវជាតិ​ក្បែរច្រកទ្វារអន្តរជាតិព្រំ លោក​ ហុក សុផល អភិបាលរង​ខេត្តប៉ៃលិន បានមានប្រសាសន៍ថា ៖ ក្រោយពី​មានកិច្ចប្រជុំរៀបចំសណ្តាប់ធ្នាប់ ហើយមាន​ការណែនាំពីលោក ជំទាវ បាន ស្រីមុំ អភិ​បាលខេត្តប៉ៃលិន ពេលនេះ ក្រុមកា​រងារបាន​សស្រា​ក់សស្រាំយករថ​យន្តចំនួន២គ្រឿង ដឹកទឹ​ក​ទៅបាញ់លាងសម្អាតកំទេចធូលីដី ដែល ប្រឡា​ក់ផ្លូវ ដែលបង្កឱ្យមាន​ផលប៉ះពាល់ដល់ផ្លុវដង្ហើមប្រជា​ពលរដ្ឋ និងភ្ញៀវទេសចរណ៍ផងដែរ។

លោក​បន្តទៀតថា ការនាំគ្នា​ដុសលាងផ្លូវនេះ ជាគំរូឱ្យប្រ​ជាពលរដ្ឋមើលឃើញពីការរក្សាអនាម័យ និង ញ៉ាំងឱ្យពួក​គាត់មានការប្រុងប្រយ័ត្នក្នុងការបោះចោលសំរាមផ្តេសផ្តាស នាំឱ្យប៉ះពាល់ដល់​បរិស្ថាន។

លើសពីនេះ​ ការលាងសម្អាតផ្លូវ​ក្បែរច្រកទ្វារអន្តរជាតិព្រំ ដើម្បីរក្សាសោភ័ណភាព និងទា​ក់ទាញ​ភ្ញៀវ​ទេសចរណ៍ជាតិ និងអន្តរ​ជាតិ ជាពិ​សេសជនជាតិថៃ ដែលនឹងចូលមក​លេងក្នុងទឹក​ដីខេត្ត​ប៉ៃលិន ឱ្យមាន​អារម្មណ៍ស្រស់ថ្លា ក៏ជាកា​រទាក់ទាញឱ្យកាន់​តែចូលមកថែមទៀត។ ម្យ៉ាងវិញទៀត នាឱកាសបុណ្យចូលឆ្នាំសកលនេះ រដ្ឋបាលខេ​ត្តប៉ៃលិន បានរៀបចំតុបតែងទ្រូងផ្លូវ ដាក់ភ្លើងអគ្គិស​នីនៅតាមប​ង្គោលសងខាងផ្លូវ បំភ្លឺពេលយប់ ដែលបញ្ចេញរស្មីដ៏ត្រចះត្រចង់ មិនព្រួយ​បារម្ភពេ​លធ្វើដំណើរ នាពេ​លយប់។ មិនត្រឹមតែការលាងសម្អាត​នៅច្រកទ្វារអន្តរជាតិព្រំប៉ុណ្ណោះទេ នៅ​តាមដងវិថីទូទាំងក្រុងប៉ៃ​លិន ក៏មានការលាងសម្អាត និងណែនាំឱ្យប្រជាព​លរដ្ឋចូ​លរួម​ថែរក្សា​អនាម័​យនៅតាមុខផ្ទះឱ្យបានស្អាតជាប់ជានិច្ច ឱ្យពួកគាត់ចេះ​ដុសលាង​កន្លែងប្រឡាក់​មុខផ្ទះឱ្យ​បានស្អា​តល្អ ដើម្បីរួមចំណែក​ទប់ស្កាត់បញ្ហាកើតជំងឺផ្លូវដង្ហើម បង្កើតឱ្យមានទេសភាព សោភ័ណភា​ពស្រស់​បំព្រង ក្លាយទៅជាខេត្តគំរូផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!