ព័ត៌មានជាតិ

លោក កែ សួនសុភាព អភិបាលរងខេត្តចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ: លោក កែ សួនសុភាព អភិបាលរងខេត្តបន្ទាយមានជ័យបានអញ្ជើញចូលរួមសំណេះសំណាល ពិនិត្យ ពិភាក្សាជាមួយថ្នាក់ដឹកនាំ មន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្តនិងមន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំហៅកាត់ “ក ប ប” នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

លោក ប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តនិងលោក មាស មោរ៉ា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំហៅកាត់ “ក ប ប” បានបញ្ជាក់ថា ការគ្រប់គ្រងអាជីវកម្ម សម្រេចបានលទ្ធផលរយៈពេល ៩ខែ នាឆ្នាំ ២០២៣នេះ គឺការផ្ដល់ប្រឹក្សាចុះបញ្ជីពាណិជ្ជកម្មសហគ្រាស ឯកបុគ្គល ឬក្រុមហ៊ុនឯកជនទទួលបានខុសត្រូវមានកម្រិតចំនួន ២៤អាជីវករ ហើយការផ្សព្វផ្សាយថ្លៃលក់ប្រេងឥន្ធនៈនៅតាមស្ថានីយ៍ឬដេប៉ូសរុប ៧២ទីតាំង រៀងរាល់ ១០ថ្ងៃម្ដង រីឯតម្លៃកសិផលដែលក្រុមមន្ត្រីយើងបានចុះត្រួតពិនិត្យឃើញថា កសិផលរបស់ប្រជាកសិករមានតម្លៃកើនឡើងខ្ពស់អាចទទួលយកបាន ហើយមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងបន្តបម្រើសេវាសាធារណៈចុះស្រាវជ្រាវ ការធ្វើចរាចរស្រូវអង្ករចុះពិនិត្យការចរាចរទំនិញ សក្កានុពលតាមក្រវ៉ាត់ព្រំដែន បន្តអនុវត្តការងារគម្រោងជំរុញទីផ្សារកសិកម្ម បន្តតាមដានការលក់ដូរផ្សារសហគមន៍ផលិតផលខ្មែរ ភូមិ ១ ផលិតផល ១ រីឯក្រុមមន្ត្រី “ក ប ប” និងបន្តយកចិត្តទុកដាក់ខ្ពស់ ត្រួតពិនិត្យលើទំនិញខូចគុណភាព ហួសការបរិច្ឆេទ ត្រួតពិនិត្យតាមស្ថានីយ៍លក់ប្រេងឥន្ធនៈ ពិសេសគឺការបាញ់ប្រេងជូនអតិថិជនមិនគ្រប់លីត្រជាដើម។

លោក កែ សួនសុភាព អភិបាលរងខេត្ត បានសំដែងនិងកោតសរសើរ ចំពោះអស់លោក លោកស្រី មន្ត្រីទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ បំពេញការងារជំនាញជាទូទៅទទួលបានជាផ្លែផ្កា លើវិស័យពាណិជ្ជកម្មនិងមន្ត្រី “ក ប ប” ដែលបានយកចិត្តទុកដាក់ចុះត្រួតពិនិត្យលើម្ហូបអាហារតាមទីផ្សារនានា ទំនិញខូចគុណភាពនិងត្រួតពិនិត្យទៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ការបាញ់ប្រេងខុសបច្ចេកទេសឬបាញ់ប្រេងខ្វះ។ ហើយសង្ឃឹមថាមន្ត្រីទាំងអស់និងបន្តបំពេញភារកិច្ចទាំងនេះ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់បន្ថែមទៀត។

លោក កែ សួនសុភាព បន្តថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្អែកតាមកម្មវិធីនយោបាយសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កំណត់យកអាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពិសេសបច្ចេកវិទ្យាឌីជីថល ដូចនេះសូមឱ្យមន្ត្រីទាំងអស់ផ្ដោតសំខាន់ទៅលើបច្ចេកវិទ្យាឌីជីថលនេះ ដើម្បីអនុវត្តទទួលបានជោគជ័យ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button