អាជ្ញាធរខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត ប្រារព្ធទិវាអនាម័យបរិស្ថានជាតិក្រោមប្រធានបទ«ភូមិយើង កាតព្វកិច្ចយើងស្អាត និងប៉ៃតង»នៅសួនប៉ោយប៉ែតតេជោ ឈ្នះ ឈ្នះ
ខេត្តបន្ទាយមានជ័យ៖លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត រួមនឹងថ្នាក់ដឹកនាំរដ្ឋបាលក្រុង អង្គភាពជុំវិញក្រុង រដ្ឋបាលសង្កាត់ទាំង៥ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អង្គភាពភូមិ ប្រជាការពារ អង្គការសង្គមស៊ីវិល ក្រុមយុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស វិស័យឯកជន និងក្រុមហ៊ុនស៊ិនទ្រី សរុបចំនួន៥២០នាក់ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រារព្ធទិវាអនាម័យបរិស្ថានជាតិក្រោមប្រធានបទ«មាតុភូមិយើង កាតព្វកិច្ចយើងស្អាត និងបៃតង» ក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត ត្រង់ចំណុចសួនប៉ោយប៉ែតតេជោ ឈ្នះ–ឈ្នះ ស្ថិតនៅក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
នាឱកាសនោះលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថា៖ការសំអាតអនាម័យបរិស្ថាន រើសសំរាម ដាំកូនឈើ និងការផ្សព្វផ្សាយនេះក្នុងគោលបំណងលើកកម្ពស់គុណភាពបរិស្ថាន និងអនាម័យ តាមរយៈការធ្វើអនាម័យបរិស្ថានរួមគ្នា ផ្សព្វផ្សាយ អប់រំដល់សាធារណៈជនទូទៅនូវការផ្លាស់ប្តូរឥរិយាបថ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃឱ្យមានការគិតគូរអំពីការសំអាតអនាម័យបរិស្ថាន ដូចជា ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចោលសំរាមឱ្យចំធុងសំរាម ដែលពិភពលោកកំពុងយកចិត្តទុកដាក់ ទៅលើអនាម័យបរិស្ថាន ដីស្អាត ខ្យល់ស្អាត និងទឹកស្អាត សំដៅបំបាត់ឱ្យខាងតែបាននូវភាពកខ្វក់ សំរាម និងកាកសំណល់ផ្សេងៗ ដើម្បីកែលម្អគុណភាពបរិស្ថានក្រុងឲ្យមានសោភ័ណភាព មានផាសុកភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះដែរលោក យឹម សំណាង អភិបាលរងខេត្ត បានលើកឡើងដែរថា ការប្រារព្ធទិវាអនាម័យបរិស្ថាន ក៏ជាផ្នែកមួយនៃការចូលរួមជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលលើកឡើងអំពីភូមិឃុំសង្កាត់ ត្រូវតែ«មានអនាម័យល្អ សោភ័ណភាព និងបរិស្ថានល្អ» ដែលសំដៅលើការមានវិធានការក្នុងការគ្រប់គ្រង ថែរក្សា និងការពារធនធានធម្មជាតិ និងបរិស្ថាន អនាម័យប្រកបដោយប្រសិទ្ធភាព ជាពិសេសយន្តការដោះស្រាយសំរាម ធ្វើឱ្យមានសោភ័ណភាព និងផាសុកភាព។
លោកបញ្ជាក់ថា រដ្ឋបាលក្រុងបានកំពុងខិតខំរៀបចំឱ្យមានការបញ្ជ្រាបការអប់រំដល់ប្រជាពលរដ្ឋអំពីច្បាប់គោលការណ៍ និងវិធានការនានាស្តីពីការថែរក្សាបរិស្ថាន រួមទាំងវិធីសាស្ត្រ នៃការរក្សាសុខភាព អនាម័យ សុវត្ថិភាពចំណីអាហារ និងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យកន្លែងរស់នៅរៀងខ្លួនឲ្យបានល្អ វិចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ៕