ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក វឺ ថងរ័ក្ស ជាអភិបាលរងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក វឺ ថងរ័ក្ស ជាអភិបាលរង ក្រុងប៉ោយប៉ែត ជំនួសលោក ហឿន វីរៈ ត្រូវបានផ្លាស់ប្តូរមុខតំណែង ពីអភិបាលរង ក្រុងប៉ោយប៉ែត ទៅកាន់តំណែងជាអភិបាល នៃគណៈស្រុកព្រះនេត្រព្រះ។

ពិធីប្រកាសចូលកាន់មុខតំណែងនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំ រដ្ឋបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥។

ដើម្បីឆ្លើយតបនូវសេចក្តីទុកចិត្តលោក វឺ ថងរ័ក្ស អភិបាលរង ក្រុងប៉ោយប៉ែត បានប្តេជ្ញាចិត្ត ៧ចំនុចសំខាន់ៗ ជាពិសេសប្តេជ្ញាអនុវត្តការងារ តាមឋានានុក្រម ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អប្រសើរ សាមគ្គីភាព ឯកភាពជាមួយគ្រប់ អង្គភាពពាក់ព័ន្ធ ដើម្បីសម្រេចបាននូវគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន និងប្តេជ្ញារគោរពយ៉ាងខ្ជាប់ខ្ជួន នូវអភិក្រមទាំង៥ របស់មន្ត្រី “ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ” ដើម្បីលត់ដំខ្លួន ឱ្យសក្តិសមជាមន្ត្រី ទទួលការជឿជាក់ពីប្រជាពលរដ្ឋ។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្ត លេីកឡេីងថា ការតែងតាំងមន្រ្តីរាជការ គឺជាដំណើរការប្រក្រតី សម្រាប់ដំណើរការគ្រប់គ្រងបុគ្គលិកបំពេញការងារប្រចាំថ្ងៃ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ក្នុងគោលបំណងលើកកម្ពស់ ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការគ្រប់គ្រង។ ឯកឧត្ដម បន្តថា យ៉ាងណាមិញការគ្រប់គ្រងមន្រ្តីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺត្រូវបានរាជរដ្ឋាភិបាលធ្វើប្រតិភូកម្មអំណាច មកឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក តាមរយៈអនុក្រឹត្យលេខ២៤០ អនក្រ.បក ឆ្នាំ២០១៧ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការបំពេញការងាររបស់មន្រ្តីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដែលកិច្ចការនេះ រដ្ឋបាលខេត្ត តែងតែបានយកចិត្តទុកដាក់អនុវត្តយ៉ាងសុក្រឹត្យ ដោយអនុលោមតាមបទដ្ឋានគតិយុត្តជាធរមានពោលគឺ ករណីតែងតាំងគឺត្រូវផ្អែកលើគោលការណ៍មុខតំណែងដែលនៅទំនេរដែលត្រូវបំពេញ។

ជាមួយ គ្នា នោះ ឯកឧត្ដម អភិបាលខេត្ត ក៏បានណែនាំដល់អភិបាលក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគណនេយ្យភាព តម្លាភាព និងភាពរហ័សទាន់ចិត្ត ជាពិសេសសេវាតម្រូវការ និងសេវាសំណូមពររបស់ប្រជាពលរដ្ឋ, ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន បញ្ហាល្បែងស៊ីសងខុសច្បាប់ បញ្ហាគ្រោះថ្នាក់ចរាចរ ជាពិសេស ត្រូវខិតខំអនុវត្តនូវគោលនយោបាយ ” ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ឱ្យទទួលបានលទ្ធផលល្អប្រសើរថែមទៀត។

សូបញ្ជាក់ថា រយៈពេល៣ខែចុងក្រោយនេះ សេវាតម្រូវការ នៃអត្រានុកូលដ្ឋានសម្រេចបានគឺ៖ សៀវភៅគ្រួសារ ក.៤ផ្តល់ថ្មីចំនួន១៦៧.៤៩៨គ្រួសារ, សៀវភៅគ្រួសារក.៤កែឡើងវិញ ប្តូរថ្មីបាត់ ចំនួន៧.៩៥៨គ្រួសារ, ការចុះបញ្ជីស្នាក់ នៅក.១ចំនួន១៨១.៩៩១គ្រួសារ, ផ្តល់សៀវភៅស្នាក់នៅក.២ចំនួន១២៧.៣៨៣គ្រួសារ, សៀវភៅស្នាក់នៅក.២កែឡើងវិញប្តូរថ្មី បាត់ចំនួន៩.៥៨១គ្រួសារ, សៀវភៅស្នាក់នៅក.២ផ្តល់ថ្មី៦៦.៧៨៦គ្រួសារ, ចុះបញ្ជីក.៣បានចំនួន១៧៩.៣៥៦គ្រួសារ បានបញ្ជូនទិន្នន័យអត្តសញ្ញានប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីទៅក្រសួងចំនួន១២.០៩០សន្លឹក, បានទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីពីក្រសួងចែកជូនប្រជាពលរដ្ឋចំនួន១២.០៥៧សន្លឹក, ប្រជាពលរដ្ឋមកទទួលសេវាថតចម្លងសំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទចំនួន២៨.១២៤នាក់ ក្នុងនោះ, ស្រី១៦.២២៩នាក់ ស្មើនឹង ១០៩.៥៤៧សន្លឹក។ ក្រៅពីនោះ ការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយទាំង១៤វិស័យ/ការងារសម្រេចបានចំនួន៣៧.៤០៤សេវា៕

Leave a Reply

Your email address will not be published. Required fields are marked *