(បន្ទាយមានជ័យ) ក្រុមជំនុំបេសកកម្មដំណឹងល្អ ខេត្តបន្ទាយមានជ័យ បានរៀបចំកម្មវិធីជួបសំណេះសំណាល និងសម្ពោធដាក់ឲ្យប្រើប្រាស់នៅអគារអន្តេវាសិកដ្ឋាន ក្រោមអធិបតីភាពលោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ លោកគ្រូគង្វាល Daniel Keo គ្រូគង្វាលមកពីប្រទេសបារាំង និងលោក លោកស្រី ប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ មេភូមិទាំង៦ លោកគ្រូ អ្នកគ្រូ ពុកម៉ែបងប្អូន ប្រជាពលរដ្ឋ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ នាថ្ងៃចុងសប្តាហ៍នេះ។
លោក អៀង ប្រុស គ្រូគង្វាល ក្រុមជំនុំ បេសកកម្មដំណឹងល្អ ខេត្តបន្ទាយមានជ័យ បានឡើងរាយការណ៍អោយដឹងថា៖ អគារអន្តេវាសិកដ្ឋាននេះ មានទំហំ ១១ម៉ែត្រx១២ម៉ែត្រ ដោយបំពាក់គ្រឿងបរិក្ខារនិងរួមបញ្ចូលកន្លែងសម្រាប់សេវាថ្វាយបង្គំ ការិយាល័យរដ្ឋបាល និងបន្ទប់អន្តេវាសិកដ្ឋាន។ ក្នុងនោះអគារសម្រាប់និស្សិតស្រីមាន ១ជាន់៖ ជាន់ផ្ទាល់ដី មាន២បន្ទប់ និងបន្ទប់ទឹក៦,ជាន់ទី១ មានបន្ទប់ធំ២ និងបន្ទប់ទឹក២។ អគារសម្រាប់និស្សិតប្រុស៖ មានបន្ទប់២ និងបន្ទប់រួម១ ហើយមានបន្ទប់ទឹក៣ ដែលចំណាយថវិកាសាងសង់អស់ចំនួន៤៧,០០០ដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយពីអ្នកស្រី Tek Ratha។
ជាមួយគ្នានោះលោក អៀង ប្រុស បានបញ្ជាក់ថា៖ការសាងសង់អន្តេវាសិកដ្ឋានត្រូវបានបញ្ចប់នៅ ខែកុម្ភៈឆ្នាំ២០២៥ និងរៀបចំលំនៅដ្ឋានអន្តេវាសិកដ្ឋានសម្រាប់សិស្សយ៉ាងហោចណាស់ ៤០នាក់ (ប្រុស២០នាក់ និងស្រី២០នាក់) ដែលបានរៀបចំអគារពីកន្លែងដាច់ដោយឡែកពីគ្នា ហើយបើកដំណើរការទទួលនិស្សិតឲ្យមកថ្នាក់នៅចាប់ពី ខែកក្កដា ឆ្នាំ ២០២៥នេះ។ជាក់ស្ដែងក្រុមជំនុំបេសកកម្មដំណឹងល្អមានគោលបំណងបង្កើតសហគមន៍ដែលពឹងផ្អែកលើសេចក្តីជំនឿនៅក្នុងខេត្តបន្ទាយមានជ័យ ដែលបំពេញតម្រូវការទាំងខាងវិញ្ញាណ និងសង្គម ដោយសង្កត់ធ្ងន់លើតម្លៃនៃដំណឹងល្អនៃសេចក្តីមេត្តាករុណា ការផ្សព្វផ្សាយនិងការបម្រើ។
ថ្លែងនៅក្នុងឱកាសនោះលោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានលើកឡើងឲ្យដឹងថា៖អគារអន្តេវាសិកដ្ឋាន ដ៏រស់រវើកលេចឡើងជារូបរាងពេលនេះ មិនត្រឹមតែផ្ដល់នូវអាហារបំប៉នខាងវិញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់នូវការគាំទ្រ ជាក់ស្ដែងរួមទាំងលំនៅឋានសម្រាប់និស្សិតសកលវិទ្យាល័យ ផ្សព្វផ្សាយសហគមន៍ និងអ្វីៗជាច្រើនទៀត។
លោក អភិបាលក្រុង បានបញ្ជាក់ថា៖ ធ្វើទាំងអស់គ្នា ដើម្បីអប់រំ ដោយគោរពតាមគោលការណ៍អប់រំ ចតុត្តម្ភទាំង៤ ដោយ ១,រៀនដើម្បីចេះដឹង ២,រៀនដើម្បីចេះធ្វើ ៣,រៀនដើម្បីចេះរស់នៅជាមួយគ្នា ៤,រៀនដើម្បីក្លាយជាពលរដ្ឋល្អ។
ដោយឡែកនៅរាត្រីថ្ងៃដដែលនោះដែរ ដើម្បីអបអរសាទរការសម្ពោធដាក់ឲ្យប្រើប្រាស់ផ្ទះនៃព្រះពរ នៃក្តីផងនោះស្រឡាញ់សម្រាប់និស្សិតមកពីជនបទ ផងនោះក្រុមជំនុំបេសកកម្មដំណឹងល្អបានទទួលជំនួយពីបងប្អូនរួមជំនឿខ្មែររស់នៅសហរដ្ឋអាមេរិក និងបងប្អូនរួមជំនឿខ្មែររស់នៅប្រទេសបារាំងបានរៀបចំការប្រគំតន្ត្រីចែកអំណោយក្តីស្រឡាញ់ដល់បងប្អូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារ ហ្នឹងសម្ភារៈសិក្សាកុមារ ១០០នាក់ ក្នុងមូលដ្ឋានសង្កាត់ទឹកថ្លា ដោយពិធីនោះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហ៊ឹល រ៉ាយ៉ា អភិបាលរង ខេត្តតំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ៕