ខេត្តបន្ទាយមានជ័យ៖ដោយទឹកចិត្តអាណិតស្រឡាញ់ លើវិស័យអប់រំពិសេសសមណៈសិស្ស ដែលកំពុងសិក្សារៀនសូត្រនាចុងសប្ដាហ៍នេះ ប្រតិភូ របស់អង្គការ រីស្សូកូសីកៃ នៃប្រទេសជប៉ុន ដឹកនាំដោយលោក វ៉ាដា ម៉េគូមិ និងលោក ទេសុកា កូជិ តំណាងអង្គការ រីស្សូកូសៃកៃ បានអញ្ជើញចុះពិនិត្យ បណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ តាមសាលាក្នុងខេត្តបន្ទាយមានជ័យ រួមមានពុទ្ធិកសិក្សាសាលា កម្រងវត្តឈ្នួរមានជ័យ នៃស្រុកព្រះនេត្រ សាលាពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីមក្នុងក្រុងសិរីសោភ័ណ និងសាលាពុទ្ធិកសិក្សានិងនៅវត្តសុវណ្ណគិរី ស្រុកមង្គលបូរី ។ គោលបំណង នៃការចុះពិនិត្យមើល ក្នុងបណ្ណាល័យ និងពិភាក្សាការងារមួយចំនួន សំដៅជំរុញ ដល់សមណៈសិស្ស ក្រោពីសិក្សាក្នុងសាលា ត្រូវបន្តចូលរួមអានសៀវភៅក្នុងបណ្ណាល័យបន្ថែមទៀត ព្រមទាំងជំរុញឱ្យតាមបណ្ដាវត្តអារាមស្ថិតនៅតាមទីប្រជុំជន បង្កើតបណ្ណាល័យ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យក៏បានថ្លែងនូវអំណរគុណចំពោះប្រតិភូជប៉ុន ដែលតែងតែជួយដល់វិស័យអប់រំ របស់សមណៈសិស្ស សិស្ស ដើម្បីបង្កើននូវចំណេះដឹងបន្ថែមទៀតព្រោះថា ចំណេះវិជ្ជាគឺជាទ្រព្យដ៏មហាសាលសម្រាប់មនុស្សគ្រប់រូប។ លោកបានបន្តថា បណ្ណាល័យនៅក្នុងខេត្ត ជ័យមានចំនួន ១២កន្លែង ហើយតាមបណ្ដាបណ្ណាល័យនីមួយៗ មានសៀវភៅចំណេះដឹងទូទៅជាច្រើនក្បាលសម្រាប់ សមណ:សិស្ស បានរៀនបានអាន ហើយទិសដៅអនុវត្តបន្តមន្ទីរធម្មការនិងសាសនានឹងខិតខំផ្សព្វផ្សាយព័ត៌មាន សាខាបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ ដល់សាធារណជនបន្ថែមទៀតនិងជំរុញឲ្យ សាលាពុទ្ធិកបឋមសិក្សា ពុទ្ធិកអនុវិទ្យាល័យនៅពុទ្ធិកវិទ្យាល័យ ចូលអានសៀវភៅក្នុងបណ្ណាល័យ និងចុងក្រោយលោក បៀវ ថាន ក៏បានធ្វើការសំណូមពរដល់តំណាងអង្គការជប៉ុនមេត្តាជួយឧបត្ថម្ភសៀវភៅសម្ភារៈផ្សេងៗ នៃអគារបណ្ណាល័យបន្ថែមទៀត។ ក្រោយពីបានចុះពិនិត្យទីតាំងបណ្ដាល័យ និងពិភាក្សារួចមកលោក វ៉ាដា ម៉េគូមិ បានមានប្រសាសន៍គាំទ្រដល់វិស័យអប់រំ សមណៈសិស្ស សិស្ស ពេញចិត្តបន្តជួយឧបត្ថម្ភបន្តទៀត ចំណេះដឹងសកម្មភាពព្រះពុទ្ធសាសនា និងសង្ឃឹមជឿជាក់ថា ព្រះតេជគុណព្រះសង្ឃដែលកំពុងសិក្សារៀនសូត្រនិងបន្តខិតខំយកចិត្តទុកដាក់រៀនសូត្រនិងចូលអានសៀវភៅក្នុងបណ្ណាល័យឲ្យបាន គ្រប់ៗគ្នា៕