(ខេត្តបន្ទាយមានជ័យ) ប្រជាពលរដ្ឋក៏ដូចជាអាជីវករ កម្មករទាំងភាគីកម្ពុជានិងថៃ មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយទាហានឈុតខ្មៅថៃទាញទ្វារបិតព្រំដែន ឈមនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយឯកតោភាគី ពោលគឺមិនបានជូនដំណឹងដល់ភាគីកម្ពុជាយើងបានដឹងនោះឡើយបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៤ និង០០នាទី រសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ។
ទន្ទឹមនឹងការបិទព្រំដែននេះ ភាគីថៃ បានបើកទ្វារឲ្យពលរដ្ឋរបស់ខ្លួនចូលតាមសម្រួលរហូតអស់ ដោយឡែកពលរដ្ឋខ្មែរវិញមិនអនុញ្ញាតឱ្យចូលនោះឡើយ ថែមទាំងបិទមិនឱ្យចេញពីប្រទេសរបស់ខ្លួនទោះបីជាអ្នកលក់ដូរនៅផ្សាររោងក្លឿក្តី រហូតរយៈពេលប្រមាណ ១ម៉ោងក្រោយ ទើបអាជ្ញាធរកម្ពុជា បានការអនុញ្ញាតពីថ្នាក់ដឹកនាំក៏បានធ្វើការបិទតាមក្រោយ។ បន្ទាប់ពីនេះប្រមាណកន្លះម៉ោងក្រោយ ដោយមានការសម្របសម្រួលគ្នានោះទើបភាគីទាំងពីរបើកឲ្យពលរដ្ឋខ្មែរចេញមកកម្ពុជាវិញដោយទុករយៈពេលរហូតដល់ម៉ោង ៨យប់ ។
ក្រោយពីមានករណីនេះកើតឡើងគេសង្កេតឃើញវត្តមានលោក លៀម សុដា អភិបាលរង ខេត្តបន្ទាយមានជ័យ តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត កម្លាំងនគរបាលអន្តោប្រវេសន៍ កម្លាំងអធិការនគរបាលក្រុង កម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធារួមនិងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលជាក់ស្ដែងនឹងព្យាយាមធ្វើការសម្របសម្រួលនៅលើស្ពានមិត្តភាពកម្ពុជា-ថៃ ដោយភាគីថៃបានប្រាប់មកអាជ្ញាធរកម្ពុជាថា ខ្លួននឹងបើកទ្វាព្រំដែននៅម៉ោង ៨:០០ព្រឹក បិតម៉ោង ៤:០០រសៀលជារៀងរាល់ថ្ងៃ ដោយឡែកខាងកម្ពុជាវិញបានដាក់សំណួរឆ្លើយតបទៅខាងភាគីថៃថា ហេតុអ្វីបានបិទទ្វារព្រំដែនដោយមិនបានជូនដំណឹងបែបនេះ ពេលនោះភាគីថៃបានទទួលស្គាល់ពីកំហុសរបស់ខ្លួនក៏បានសុំទោសមកអាជ្ញាធរកម្ពុជា ហើយសន្យាថាថ្ងៃក្រោយនឹងជូនដំណឹងមកកម្ពុជាជាមុន ។
សូមបញ្ជាក់ផងដែរថា ការប្រែប្រួលពេលវេលាក្នុងការបិទបើកច្រកទ្វារព្រំដែនអន្តរជាតិនេះ ក្រោយពីមានការប៉ះទង្គិចគ្នាមួយប្រាវនៅតំបន់មុំបីខេត្តព្រះវិហារ ហើយកន្លងមកច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែតគឺបើកឱ្យភ្ញៀវជាតិនិងអន្តរជាតិក៏ដូចជាអាជីវករ កម្មករចេញចូលចាប់ពីម៉ោង ៦:០០ ព្រឹករហូតដល់ម៉ោង ១០:០០ យប់ឯណោះ ៕