គណៈប្រតិភូក្រុមហ៊ុន អុី ស្គូល ខេមបូឌា(E-School Cambodia) អញ្ជើញជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) ដើម្បីអោយបេសកកម្មបង្កើតធនធានមនុស្សឌីជីថល កាន់តែផុលផុស គណៈប្រតិភូក្រុមហ៊ុន អុី ស្គូល ខេមបូឌា(E-School Cambodia) អញ្ជើញជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដែលមានលោក យឹម សំណាង អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងកិច្ចប្រជុំសិក្សាតាម Online App E-School Cambodia និងថ្នាក់បង្រៀនកុំព្យូទ័រឥតគិតថ្លៃ ក្នុងក្របខណ្ឌ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តបន្ទាយ។

ក្នុងជំនួបសម្ដែងការគួរសម និងធ្វើបទបង្ហាញអំពីកម្មវិធីសិក្សាតាម Online App E-School Cambodia លោក ឈន ឈុនឡេង ស្ថាបនិក E-School Cambodia បានឱ្យដឹងថា៖ ដើម្បីគាំទ្រនូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ពិសេសគឺបង្កើតនូវធនធានមនុស្សឌីជីថល E-School Cambodia បានជម្រុញការស្វ័យសិក្សានៅផ្ទះ តាមរយៈ Online ជាមួយ App E-School Cambodia ដោយបន្ថែមទៅលើចំណេះដឹង Digital ដែល E-School Cambodia មានរៀបចំជាកម្មវិធីបង្រៀន Computer កម្រឹតបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដោយចង់ផ្សាភ្ជាប់យុវជនទៅនឹងបច្ចេកវិជ្ជា ជម្រុញអោយយុវជនស្រលាញ់ការសិក្សាបច្ចេកវិជ្ជា និងសង្ឃឹមថាយុវជនអាចបង្កើតស្នាដៃផ្សេងៗពីចំណេះដឹងDigitalដើម្បីឈានដល់ការរៀបចំពិពណ៌នាខាងមុខ។

ក្នុងឱកាសនោះដែរលោក ឈន ឈុនឡេង បានសំណូមពរដល់អាជ្ញាធរខេត្ត ពិសេសមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ស្នើឱ្យមានកិច្ចសហការ ធ្វើយ៉ាងណាឱ្យមានការចុះឈ្មោះតាមរយៈ App E-School Cambodia ឱ្យបានច្រើន និងសូមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យក្រុមយុវជនស្ម័គ្រចិត្តផ្នែកព័ត៌មានវិទ្យារបស់ E-School Cambodia ដើម្បីទៅបង្រៀនបច្ចេកវិជ្ជាព័ត៌មានវិទ្យា ដល់តាមបណ្តាឃុំ សង្កាត់ គោលដៅផងដែរ។

ថ្លែងក្នុងឱកាសជួបសំដែងការគួរសមនេះលោក យឹម សំណាង អភិបាលរងខេត្ត បានសម្ដែងនូវការស្វាគមន៍ ចំពោះក្រុមការងារ E-School Cambodia ដែលបានមកធ្វើបទបង្ហាញ កម្មវិធីសិក្សាតាម Online App E-School Cambodia និងថ្នាក់បង្រៀនកុំព្យូទ័រឥតគិតថ្លៃ។ ជាពិសេសបានផ្ដល់ឱ្យលោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរពាក់ព័ន្ធ បានឡើងបញ្ចេញជាមតិយោបល់ ដើម្បីរិះរកនូវចំណុចខ្វះខាត ក្នុងការកែតម្រូវក្នុងបេសកកម្មបង្កើតធនធានមនុស្សឌីជីថល កាន់តែផុលផុស។

ឯកឧត្តម អភិបាលរងខេត្ត បានស្នើដល់ក្រុមហ៊ុន អុី ស្គូល ខេមបូឌា(E-School Cambodia) ត្រូវធ្វើឧបសម្ព័ន្ធឱ្យបានត្រឹមត្រូវហើយបញ្ជូនមកអោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តដើម្បីធ្វើការផ្សព្វផ្សាយទៅតាមបណ្ដាក្រុង ស្រុក ទាំង៩ ជាពិសេសនៅតាមសាលារៀន តាមរយៈបណ្ដាញរបស់យុវជន មានដូចជា ស.ស.យ.ក. យុវជនស្ម័គ្រចិត្តកាកបាទក្រហម យុវជនកាយរិទ្ធ និងតាមវិទ្យាល័យនីមួយៗ ដើម្បីចូលចុះឈ្មោះ ក្នុងការរៀនដោយឥតគិតថ្លៃ តាមរយៈApp E-School Cambodia ឱ្យបានច្រើន៕

Leave a Reply

Your email address will not be published. Required fields are marked *