ចេញផ្សាយនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥
(បន្ទាយមានជ័យ)៖ក្រសួងផែនការ និងកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិបានរៀបចំពិធីចែកកញ្ចប់មាន់ជូនគ្រួសារក្រីក្រចំនួន ៣៨៦គ្រួសារ នៃគម្រោងពន្លឿនការស្ដារឡើងវិញនូវជីវភាពរស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះក្រោយវិបត្តិកូវីដ–១៩ ចំនួន ៨ភូមិ ក្នុងឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ដែលផ្គត់ផ្គង់ដោយសមាគមអភិវឌ្ឍន៍ខ្មែររីករាយ (ស.អ.ខ) ក្រោមអធិបតីភាពឯកឧត្តម កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ ។ពិធីនេះបានធ្វើឡើង នៅបរិវេណរោងចក្រដែក ស្ថិតនៅក្នុងភូមិកណ្ដោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោកស្រី មាស ម៉ៅ អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ(UNDP) លោក សិ ឈុនលេង អនុប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យ លោក ង៉ឹប ប្រុស សមាជិកក្រុមប្រឹក្សាឃុំអូរស្រឡៅ។
លោកស្រី មាស ម៉ៅ បានចុះមកផ្ទាល់ធ្វើជាសាក្សីក្នុងការចែកកញ្ចប់មាន់ជូនគ្រួសារក្រីក្រ នៃគម្រោងពន្លឿនការស្ដារឡើងវិញនូវជីវភាពរស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះក្រោយវិបត្តិកូវីដ–១៩ ក្នុងស្រុកម៉ាឡៃនាថ្ងៃនេះ ក្រោមការឧបត្ថម្ភពីរាជរដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិន UNDP។ ជាក់ស្តែងការចែកកញ្ចប់មាន់ជូនគ្រួសារក្រីក្រចំនួន ៣៨៦គ្រួសារ ក្នុង ១គ្រួសារ ទទួលបានមាន់ចំនួន ២០ក្បាល។
ថ្លែងក្នុងឱកាសនោះឯកឧត្តម កែវ អ៊ូលី បានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះសាធារណៈរដ្ឋប្រជាមានិតចិន UNDP និងមន្ទីរផែនការខេត្ត សហការណ៍រដ្ឋបាលស្រុក ឃុំ និងសមាគមអភិវឌ្ឍន៍ខ្មែររីករាយ (ស.អ.ខ)ក្នុងការរៀបចំផ្តួចផ្តើមឱ្យមានគម្រោងមួយនេះឡើង ដើម្បីជួយស្តារឡើងវិញនូវជីវភាពរបស់ប្រជាពលរដ្ឋក្រោយវិបត្តិកូវីដ–១៩ ដែលបានផ្តល់កញ្ចប់មាន់ជូនគ្រួសារក្រីក្រ នៃគម្រោងពន្លឿនការស្ដារឡើងវិញនូវជីវភាពរស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះក្រោយវិបត្តិកូវីដ–១៩ ក្នុងស្រុកម៉ាឡៃ ក៏ដូចជាក្នុងខេត្តបន្ទាយមានជ័យទាំងមូល ដែលស្តែងឡើងអំពីការយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ពីវិបត្តិនេះ។ ជាពិសេសស្របទៅតាមគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រួមទាំងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិផងដែរ។
ក្នុងឱកាសនោះដែរលោក រ៉ឺន ប៊ុនថូវ នាយកប្រតិបត្តិសមាគមអភិវឌ្ឍន៍ខ្មែររីករាយ(ស.អ.ខ) បានធ្វើការបរិច្ចាកមាន់ចំនួន៥៣១ក្បាល ជូនដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ក៏ដូចជាប្រជាពលរដ្ឋ គ្រួសារក្រីក្រ ២៧គ្រួសារបន្ថែមទៀត ក្នុងឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ដែលស្មើនឹងទឹកប្រាក់សរុបអស់ប្រមាណជាង ២១២៤ដុល្លារសហរដ្ឋអាមេរិច៕