ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមការងារសមាគម និស្សិតដើម្បីសង្គម ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សា អនុប្រធាន លេខាធិការ ប្រធានសាខាខេត្តកំពង់ចាម ត្បូងឃ្មុំ និងសមាជិកសមាជិកា។
លោក ព្រំ ម៉ារ៉ាឌី ប្រធានសមាគមនិស្សិតដើម្បីសង្គម បានជំរាបជូនផងដែរថា៖ លក្ខន្តិកៈរបស់សមាគមនិស្សិតដើម្បីសង្គមបានតម្កល់ទុកនៅក្រសួងមហាស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរាជរដ្ឋាភិបាល។ សមាគមនិស្សិតដើម្បីសង្គម(SAS)បានធ្វើសកម្មភាពក្នុងសង្គមស្របតាមលក្ខន្តិកៈរបស់សមាគម និងច្បាប់ដែលមានចែងជាធរមមាន ដើម្បីជាការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិលើវិស័យអប់រំ ពង្រឹងស្មារតីយុវជនក្នុងការសិក្សា នៅតាមបណ្ដាមហាវិទ្យាល័យនានាននៅក្នុងស្រុក សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា អោយមានការរីកចម្រើន ទាំងវិស័យអប់រំ សង្គមសេដកិច្ច ប្រជាពលរដ្ឋនៅតាមបណ្តារខេត្ត មូលដ្ឋានអោយមានភាពល្អប្រសើរ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ក្នុងនោះផងដែរ សមាគមនិស្សិតដើម្បីសង្គម បានផ្តល់អាហារូបករណ៍ ១០០% ថ្នាក់បរិញ្ញាបត្រ ចំនួន៦០កន្លែង បរិញ្ញាប័ត្រជាន់ ១០កន្លែង ក្នុងឆ្នាំ២០២៤រួចមកហើយ។ ម្យ៉ាងទៀត ជាការចូលរួមមួយផ្នែកជាមួយរាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាអោយកាន់តែល្អប្រសើរ ដើម្បីកាត់បន្ថយ ក្មេងទំនើង ការសេពគ្រឿងញៀន ការប្រើហឹង្សា និងល្បែងអនឡាញមួយចំនួនផងដែរ។ សមាគមនិស្សិតដើម្បីសង្គម ធ្វើការលើកទឹកចិត្ត ជំរុញយុវជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីចូលរួមជាមួយរាជ រដ្ឋាភិបាលលើវិស័យអប់រំ វិស័យបរិស្ថាន ដើម្បីជួយទាំងសង្គម សេដ្ឋកិច្ច និងនយោបាយ ដើម្បីចូលរួមចំណែកក្នុងការ អភិវឌ្ឍជាតិ កាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៍បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីអោយសមាគមនិស្សិតដើម្បីសង្គម បានទំនាក់ទំនង និងចូលរួមសហការជាមួយគ្រប់បណ្តាស្ថាប័នជំនាញ និងនៅតាមស្ថាប័ននានា ជាពិសេសវិស័យអប់រំ ដើម្បីលើកកម្ពស់សមត្ថភាពយុវជនក្នុងសម័យសន្តិភាព និងជំរុញយុវជនអោយចេះស្រលាញ់សន្តិភាព ការពារសន្តិភាព សាមគ្គីភាព តាមរយៈការចូលរួមសកម្មភាពមនុស្សធម៌ ការអប់រំ សីលធម៌ សាសនា ច្បាប់ សិទ្ធមនុស្ស បរិស្ថាន ពត៌មានវិទ្យា និងបច្ចេកវិទ្យាសម័យទំនើបដើម្បីបន្តការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព ជាពិសេសត្រូវជួយធ្វើយ៉ាងណា អោយនិស្សិត ឬយុវជន បានរៀនជំនាញវែង ឬជំនាញខ្លី រៀនចប់ ត្រូវមានការងារធ្វើ៕