បន្ទាយមានជ័យ៖លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះពង្រឹងការងារត្រួតពិនិត្យសត្វពាហនៈនាំចូលពីប្រទេសថៃ ដើម្បីអនុវត្តតាមខ្លឹមសារសេចក្តីប្រកាសព័ត៌មាន ស្តីពីការកើតមានជំងឺឈាមខ្មៅ ឬ ជំងឺអង់ត្រាក់ លើសត្វពាហានៈនៅប្រទេសថៃ និងផ្សព្វផ្សាយជាមួយសមត្ថកិច្ចកងការពារព្រំដែន ឲ្យជួយអន្តរាគមន៍ទប់ស្កាត់ការលួចនាំចូលសត្វដោយខុសច្បាប់ ។
លោក ហ៊ុយ ទូច ប្រធានការល័យបសុពេទ្យនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ស្ដីពីករណីកើតមានជំងឺឈាមខ្មៅឬជំងឺអង់ត្រាក់ លើសត្វពាហនៈនៅក្នុងប្រទេសថៃនិងការដាក់ឲ្យអនុវត្តការហាមឃាត់ជាបណ្ដោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ។ លោកបានដឹកនាំមន្ត្រីជំនាញនៃការិយាល័យបសុពេទ្យ ចុះធ្វើការប្រាស័យទំនាក់ទំនងជាមួយក្រុមហ៊ុននាំចូលសត្វគោ ក្របីចំនួនពីរក្រុមហ៊ុន ឱ្យផ្អាកការបញ្ជាទិញនិងផ្អាកការនាំចូលគោរក្របី ពីប្រទេសថៃ រង់ចាំការណែនាំថ្មីពីក្រសួងកសិកម្ម។
ជាមួយនឹងការចុះទំនាក់ទំនងនេះមន្រ្តីបសុពេទ្យបានធ្វើការត្រួតពិនិត្យសត្វគោ ក្របី ដែលក្រុមហ៊ុនបាននាំចូលមុនសេចក្តីជូនដំណឹងនៅតាមក្រោលនីមួយៗគឺឃើញថា សត្វគោ ក្របីទាំងនោះមានសុខភាពល្អពុំមានជំងឺអ្វីឡើយ ទើបអនុញាតអោយដឹកឆ្លងកាត់ទៅប្រទេសវៀតណាម។ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព មន្ត្រីជំនាញរបស់លោកក៏បានធ្វើការផ្សព្វផ្សាយជាមួយនឹងសមត្ថកិច្ចកងការពារព្រំដែនឲ្យជួយអន្តរាគមន៍ទប់ស្កាត់ការលួចនាំចូលសត្វដោយខុសច្បាប់។ ក្រៅពីការទប់ស្កាត់នៅតាមព្រំដែនជាមួយក្រុមហ៊ុននាំចូល មន្ត្រីរបស់លោកបានធ្វើការចុះត្រួតពិនិត្សស្ថានភាពសុខភាពសត្វគោ ក្របី ជ្រូក នៅតាមសត្តឃាតដ្ឋានជាប្រចាំមុនចូលពិឃាត ដើម្បីធានាថា សត្វគ្មានជំងឺឆ្លងដើម្បីការពារដល់អ្នកទទួលទានសាច់ក្នុងខេត្តឃើញថាសត្វទាំងអស់នេះមានសុខភាពល្អជាធម្មតាទេ ពុំមានអ្វីគត់សំគាល់ឡើយ ។
លោក ហ៊ុយ ទូច បានបន្តឲ្យដឹងទៀតថា លោកក៏បានធ្វើការផ្សព្វផ្សាយដល់ប្រជាកសិករនិងភ្នាក់ងារពេទ្យសត្វភូមិ ត្រូវតាមដានសុវត្ថិភាពសត្វគ្រប់ពេល ដឹងរាយការណ៍ មកអាជ្ញាធរដែនដីនិងមន្ត្រីពេទ្យសត្វ ឲ្យបានទាន់ពេលដើម្បីគ្រប់គ្រង ស្ថានភាព បាននៅពេលមានជំងឺឆ្លងជាយថាហេតុ៕