រាជធានីភ្នំពេញ៖ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥–២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដម លោកជំទាវ ជាតំណាងរដ្ឋបាលខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី ខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ចាក់ថា ក្នុងបុព្វហេតុនៃការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើន អាចប្រគួតប្រជែងជាមួយបណ្ដាប្រទេសនានានៅក្នុងសកលលោក រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកសន្តិភាពកម្ពុជា និងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ បានដាក់ចេញនិងអនុវត្តនូវយុទ្ធសាស្ដ្រត្រីកោណ និងយុទ្ធសាស្ដ្រចតុកោណទាំងបួនដំណាក់កាល ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយនឹងការបន្ដបេសកកម្មជាប្រវត្តិសាស្ដ្រនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលកំណត់អាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ដើម្បីចូលរួមចំណែកសម្រេចនូវទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងខិតខំរៀបចំគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥–២០៣៥ ដោយផ្អែកលើមូលដ្ឋាននៃសមិទ្ធផលដែលបានសម្រេចនាពេលកន្លងមក និងដាក់ទិសដៅអភិវឌ្ឍន៍ជនបទរយៈពេលវែង ដែលមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព”។
ទន្ទឹមនោះឯកឧត្តមរដ្ឋមន្ដ្រី បានស្នើដល់អង្គប្រជុំទាំងមូល ចូលរួមឱ្យបានសកម្មក្នុងការពិភាក្សា និងផ្ដល់យោបល់ ព្រមទាំងធាតុចូលជាយុទ្ធសាស្ដ្រ និងសំណើរប្រកបដោយន័យស្ថាបនា ដើម្បីជួយបំពេញបន្ថែមលើផែនការអភិវឌ្ឍន៍រយៈពេលវែងនេះ ឱ្យមានគុណភាព និរន្ដរភាព និងអាចយកអនុវត្តបានពិតប្រាកដ សម្រេចសមិទ្ធផលជាក់ស្ដែងជូនប្រជាជន និងប្រទេសជាតិ៕