ចេញផ្សាយនាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥
(ខេត្តស្ទឹងត្រែង)៖លោក បណ្ឌិត ឌីម សុខុន អគ្គលេខាធិការ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព តំណាងឲ្យឯកឧត្តម បណ្ឌិត សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសព លោកវរ:សេនីយ៍ត្រី សន សុភាព នាយការិយាល័យប្រតិបត្តិបច្ចេកវិឡាកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បច្ចុប្បន្នរស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលបានទទួលមរណៈភាព នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយរោគាពាធ។
សូមបញ្ជាក់ផងដែរថា ក្រោយពីទទួលបានដំណឹងពីលោកវរៈសេនីយ៍ត្រី អុន វណ្ណា មន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ពាក់ព័ន្ធទៅនឹងលោកវរៈសេនីយ៍ត្រី សន សុភាព កំពុងសង្គ្រោះបន្ទាន់ ណាមួយជីវភាពគ្រួសារខ្វះខាតផងនោះ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព បានធ្វើការប្រកាសដល់សមាជិកសមាជិកានៃសមាគម ក្នុងគោលបំណងដើម្បីប្រមូលមូលនិធិតាមសទ្ធាជ្រះថ្លា ក្រោយមកថ្នាក់ដឹកនាំសមាគម រួមនឹងបងប្អូនដែលជាសមាជិកសមាជិកា បានចូលរួមចំណែកជាបន្តបន្ទាប់បានទឹកប្រាក់សរុបចំនួន ៦១០.០០០ម៉ឺនរៀល លុះមកដល់រសៀលថ្ងៃខែខាងលើក៏ស្រាប់តែទទួលបានមកថា លោកវរសេនីយ៍ត្រី សន សុភាព នាយការិយាល័យប្រតិបត្តិបច្ចេកវិឡាកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានទទួលមរណភាពបាត់ទៅហើយ។
ថ្នាក់ដឹកនាំ រួមនឹងសមាជិកសមាជិកានៃសមាគមដែលបានចូលរួមថវិកាផ្ទាល់ខ្លួនចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពរួមមាន: ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ,លោក បណ្ឌិត ឌីម សុខុន អគ្គលេខាធិការសមាគម (ស.ស.យ.ស) ,លោក សយ ចាន់ធី អគ្គលេខាធិការរង ផែនទំនាក់ទំនងជាតិនិងអន្តរជាតិ ,លោក ហង្ស រ៉ាត់ អគ្គលេខាធិការរង ផែនជាតិនិងអន្តរជាតិ និងជាប្រធានសាខាខេត្តបន្ទាយមានជ័យ,លោក វ៉ី នោរៀ អគ្គលេខាធិការរង ធនធានមនុស្ស ,លោក បឿន ចំរើន ទីប្រឹក្សាសមាគម (ស.ស.យ.ស), លោក ទន់ ដារ៉ា ទីប្រឹក្សា សមាគម (ស.ស.យ.ស) ,លោក ចាន់ ពិសិដ្ឋ ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តស្ទឹងត្រែង និងលោក ហែម វណ្ណៈ ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តកំពង់ចាម ។
នាឱកាសនោះលោក បណ្ឌិត ឌីម សុខុន បានមានប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្ដី ជូនដល់គ្រួសារសពលោកវរៈសេនីយ៍ត្រី សន សុភាព ដែលបានបាត់បង់ស្វាមី និងឪពុក ៕