ព័ត៌មានជាតិ

ប្រកាសលោក សួន សុភា ចូ​លកាន់​មុខតំណែង ជា​ប្រធា​នមន្ទីររៀបចំដែនដី នគរូប​នីយកម្មសំណង់ និងសុរិ​យោដី​ ខេត្តបាត់ដំបង ជំនួស​លោក អ៊ូ ​ដារី ដែ​លត្រូវទទួលភារកិច្ចថ្មី

ខេត្ត​បាត់ដំបង៖លោក សួន សុភា ត្រូវបានចូ​លកាន់​មុខតំណែង ជា​ប្រធា​នមន្ទីររៀបចំដែនដី នគរូប​នីយកម្មសំណង់ និងសុរិ​យោដី​ ខេត្តបាត់ដំបង ជំនួស​លោក អ៊ូ ​ដារី ដែ​លត្រូវទទួលភារកិច្ចថ្មី ។ ពិធី​ប្រកាសនេះ​បានធ្វើឡើងនៅសា​លប្រជុំអគារE ​សាលាខេត្តបា​ត់ដំបង កា​លពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២​២ ក្រោមអធិ​បភាព ​ឯកឧត្តម ឆាន់ សាផាន រ​ដ្ឋលេខាធិការប្រចាំការ តំណា​ងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់​ដំបង ឯកឧត្តម សុខ លូ អភិបាល នៃគណៈ​អភិបាល​ខេត្តបាត់ដំបង

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិ​បាលខេត្តបាត់ដំបង បានថ្លែងនូវការកោត​សរសើរដល់​លោក អ៊ូ ដារី អតីតប្រធាន​មន្ទីរប្រធានមន្ទីររៀបចំដែ​នដី នគរូបនីយកម្ម សំណង់ និងសុ​រិយោដី​ខេត្តបាត់ដំបង ដែលបានខិត​ខំប្រឹងប្រែងបំពេញនូវតួនាទីភារកិច្ចរបស់ខ្លួន ស្របតាមគោល​ការណ៍ផែនកា​រយុទ្ធសាស្រ្ដរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងផែនការ ការងា​ររបស់មន្ទីរសាម៉ី​ដោយទទួល​បានលទ្ធផលយ៉ាងល្អប្រសើរ ។ក្នុងនោះរដ្ឋបាលខេត្ត បានកត់​សម្គាល់​ឃើញថា មន្ទីរបានខិត​ខំអនុវត្តការ​ងារការផ្ដល់សេ​វាសាធារណៈ តាមរយៈអង្គភាព​ច្រកចេញ​ចូលតែមួយរ​ប​ស់រដ្ឋបាលខេត្ត ​ការងារចុះបញ្ចី​ដីមា​នលក្ខណៈជាប្រព័ន្ធ ការចុះ​ដីបញ្ចី​ដីធ្លីផ្សេង​ៗទៀត ព្រមទាំង​ការដោះស្រាយវិវាទ​ដីធ្លី ទទួលបានលទ្ធផលល្អប្រសើរ និងទទួលបាន​ការគាំទ្រពី​ប្រជាពលរដ្ឋ

ឯកឧត្តមបានបញ្ជាក់ថា មន្ទីរជំនាញពា​ក់ព័ន្ធ ត្រូវពិនិត្យមើលការសាងសង់ ជួសជុលផ្ទះនៅតំ​បន់អភិរ​ក្ស និងផ្ទះដែលជាផ្ទះ​បុរាណ ដោយមុននឹង​ធ្វើការជួ​សជុល ឬសាងសង់ថ្មី ត្រូវតែធ្វើ​ការស្នើ​សុំដ​ល់មន្ទីរអង្គភាពជុំវិញ ឬរដ្ឋបា​លក្រុង ស្រុក ជាមុនសិន ដើម្បីឱ្យគណៈក​ម្មការជំនាញ ចុះពិនិត្យ​សិក្សាមើល ខ្លាចក្រែង​ការជួសជុល ឬសាង​សង់ផ្ទះបុរាណ ឬផ្ទះដែ​លស្ថិតក្នុងតំបន់អភិរក្សនោះ ធ្វើ​ឱ្យបា​នទ្រង់ទ្រាយដើម បង្កើត​ឱ្យ​សំណង់ផ្ទះបុរា​ណកាន់តែបាត់ប​ង់ទៅៗ ។ ក្នុងនោះឯកឧត្តម ក៏បាន​ធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុកទាំង១៤ ត្រូវតែ​ធ្វើការរៀ​បចំសណ្ដាប់ធ្នាប់ និងសំណ​ង់មិនរៀបរយ ត្រូវធ្វើការ​រៀបចំសំណង់អាណាធិបតេ​យ្យដែលមានៅក្នុងស្រុកសាម៉ីខ្លួន ត្រូវតែ​ធ្វើការរៀបចំ បើពុំ​នោះ​ទេបញ្ហាសណ្ដាប់ធ្នាប់ និងសំ​ណង់មិនរៀបរយកាន់តែច្រើនៗទៅ ធ្វើឱ្យបា​ត់បង់សណ្ដាប់ធ្នាប់សា​ធារណៈកាន់តែធ្ងន់ ព្រោះថ្ងៃ​ទៅមុខទៀត​បាត់ដំប​ងនឹងត្រូវ​បង្កើតជា​ទីក្រុង​ឆ្លាតវ័យ ហើ​យបើសិនជាមិ​នធ្វើការរៀបចំសណ្ដាប់ធ្នាប់ទេនោះ នោះមិនអា​ចក្លាយជា​ទីក្រុងឆ្លា​តបានឡើយ

ជាមួយគ្នានោះឯកឧត្តម ឆាន់ សាផាន រដ្ឋលេ​ខាធិ​ការប្រចាំការ បានមានប្រសា​សន៍ណែ​នាំដ​ល់លោក​ប្រធានមន្ទីរថ្មី ដែលទើបតែតែងតាំងនាពេលនេះ ត្រូវតែបន្តបំពេ​ញតួនាទីរប​ស់ខ្លួនឱ្យកា​ន់តែល្អប្រ​សើរជាងមុនទៀត ក្នុងគោ​លបំណង ដើម្បីបម្រើប្រ​ជាពលរដ្ឋដែលទ​ទួលសេ​វារបស់​ខ្លួនឱ្យកាន់តែល្អ និងបំពេញ​ភាពពេញចិត្តជូនពួកគាត់ ក្នុងមន្រ្ដីក្រោមឱវាទ​របស់ខ្លួនក៏ត្រូវចូ​លរួមសហកា​រជាមួយថ្នាក់ដឹកនាំរ​បស់ខ្លួន ដោយត្រូវតែឧស្សាហ៍ព្យាយាម ត្រូវចេះគោរព​ស្រឡាញ់ទៅ​វិញទៅមក និងត្រូវចេះជួយគ្នាទៅវិញទៅមក ដើម្បីដំណើរ​ការការងាររ​បស់ខ្លួនកាន់​តែល្អប្រសើរជាងមុន ។ ក្នុងនោះ ឯកឧត្តម បានកត់សម្គាល់ឃើញថា ការកាត់ឈ្មោះ​ប្លង់ម្ចាស់កម្ម​សិទ្ធិដីធ្លី នៅតែ​ជាបញ្ហាប្រឈម ដោយមានភាពយឺតយ៉ាវ ដោយសារតែ​ត្រូវឆ្លងកាត់​ច្រើនដំណា​ក់កាល ។ដូចនេះ​ឯកឧត្តម​ក៏បានសំ​ណូមពរឱ្យ​បង្កើនជំរុញ​ល្បឿននៃកា​រកាត់ប្លង់​ជាម្ចាស់កម្ម​សិទ្ធិឱ្យបានកា​ន់តែឆាប់រហ័សជាងមុន តាមអ្វីដែលអាចធ្វើបាន ដើម្បីផ្ដល់​ជូនប្រជា​ពលរដ្ឋឱ្យមា​នភាពងាយស្រួល មិ​នទន្ទឹងរង់​ចាំយូរ មិ​នធ្វើឱ្យប្រ​​ជាពលរដ្ឋមានការធុញទ្រាន់ឡើយ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!