ព័ត៌មានជាតិ

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញជាអធិបតីភាព ក្នុងពីធីបិទវគ្គហ្វឹកហ្វឺនទូទៅនៅហ្នឹងកន្លែងចំនួន ២វគ្គ

(បន្ទាយមានជ័យ):លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃអាទិត្យ ៤ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ អញ្ជើញជាអធិបតីភាព ក្នុងពីធីបិទវគ្គហ្វឹកហ្វឺនទូទៅនៅហ្នឹងកន្លែងចំនួន ២វគ្គ ដែលមានសិក្ខាកាមសរុបចំនួន ២០០នាក់ មកពីអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ និងអង្គភាពចំណុះទីបញ្ជាការ កងពល ដែលស្ថិតនៅភូមថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានថ្លែងការកោតសរសើរ និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកងពល ក៏ដូចជានាយ-ពលទាហាន ដែលបានខិតខំយកចិត្តទុកដាក់ អនុវត្តតាមផែនការរបស់ថ្នាក់លើ ពិសេសគឺបានបើក និងបិទវគ្គហ្វឹកហ្វឺន តាមផែនការចំនួន ០៦វគ្គ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងមានគុណភាព។

លោកឧត្តមសេនីយ៍ មេបញ្ជាការ បានបន្ថែមថា ស្ថិតនៅក្នុងពេលប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ ឱកាសសម្រាប់កងទ័ពគឺខិតខំហ្វឹកហ្វឺន បំប៉ន ពង្រឹងសមត្ថភាព ជំនាញ យុទ្ធវិធី ឲ្យបានស្ទាត់ជំនាញ ដើម្បីធានាបាននូវកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ បូរណភាពទឹកដី ដែលជាកតព្វកិច្ចរបស់យោធិនគ្រប់រូប ពិសេសយោធិនវ័យក្មេង ជាអ្នកបន្តភារកិច្ចពីរៀមច្បងដែលមានវ័យចាស់។

ក្នុងឱកាសនោះដែរ មេបញ្ជាការកងពល បានថ្លែងអំណរគុណចំពោះនាយ-ពលទាហានទូទាំងកងពលតូចថ្មើរជើងលេខ៥១ ក្រៅពីភារកិច្ចស្នូលរបស់កងទ័ព អង្គភាពកងពលតូចថ្មើរជើងលេខ៥១ គឺបានខិតខំប្រឹងប្រែងបំពេញបេសកកម្ម ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗ ដូចជា ខ្យល់កន្រ្តាក់ ទឹកជំនន់ ការងារមនុស្សធម៌ យ៉ាងសកម្ម ដោយមិនគិតការនឿយហត់ ឬយប់ថ្ងៃឡើយ ឈរលើភក្តីភាពរវាងកងទ័ព និងប្រជាជន ទីណាមានប្រជាជនជួបលំបាក ទីនោះមានមុខកងទ័ពចុះជួយជានិច្ច ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!