ឯកឧត្តមបណ្ឌិត ដួង តារា ក្រើនរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋ កុំចំណាយពេលវេលា និងថវិកាលើការឃោសនាអគតិផ្សេងៗ

(ក្រចេះ)៖ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋសរុបចំនួន១០០០នាក់ ស្ថិតនៅក្នុងបរិវេនវត្តសណ្ដាន់ ក្នុងភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទ្រឹស្ដីការគណៈរដ្ឋមន្ត្រី បានបង្ហាញនូវអារម្មណ៍ផ្ទាល់ខ្លួនអំពីសកម្មភាពការងាររបស់ឯកឧត្តមនាពេលកន្លងមក ក្នុងការបម្រើសម្ដេច ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ និងបានក្រើនរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋ កុំចំណាយពេលវេលា ថវិកាលើការឃោសនាអគតិផ្សេងៗ។ ហើយឯកឧត្តមបណ្ឌិតពិតជាមានការសោកស្ដាយចំពោះបងប្អូនខ្មែរមួយចំនួន ដែលមានឱកាសទៅរស់នៅឯបរទេស បែរជាព្យាយាម ញុះញ៉ង់បំផ្លាញប្រទេសកំណើតរបស់ខ្លួនទៅវិញ។យើងចូលរួមកសាងអំពើល្អ និងអាណិតស្រឡាញ់ប្រជាពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។
សូមជំរាបផងដែរថា ពិធីសំណេះសំណាល និងទទួលស្វាគមន៍បងប្អូនដែលមកពីគណបក្សផ្សេងៗ ដែលបានចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា នេះក្រោមអធិបតីភាពអ្នកឧកញ្ញ៉ា លី សាម៉េត ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទ្រឹស្ដីការគណៈរដ្ឋមន្ត្រី និងមានការអញ្ជើញចូលរួមពីឯកឧត្តម មួង ឃីម លោកឧកញ៉ា សោម សុខរ៉ាឌី រួមជាមួយនិងក្រុមការងារស្ម័គ្រចិត្តឯកឧត្តមបណ្ឌិត ដួង តារា ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ លោកអភិបាលស្រុក ឯកឧត្តម លោកជំទាវ អ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធទាំងបី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
នាឱកាសនោះអ្នកឧកញ្ញ៉ា លី សាម៉េត ក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខប្រជាពលរដ្ឋពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ។ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនោះដែរអ្នកឧកញ្ញ៉ា បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋ មានការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រោះសម្តេចតេជោគឺពិតជាយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរបស់សម្តេចណាស់ សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគឺដូចជាសុខទុក្ខរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចដែលជាប្រមុខដឹកនាំផងដែរ និងសូមឲ្យបងប្អូនបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ ខាងមុខនេះ។មានសន្តិភាពទើបយើងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ ៕