អភិបាលខេត្តព្រៃវែង ណែនាំដល់អភិបាលស្រុក និងអភិបាលរងស្រុកថ្មី ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ ពិសេសថ្នាក់លើ និងត្រូវគោរពតាមការប្តេជ្ញាចិត្ត ដូចក្នុងពេលប្រកាសឡើងកាន់តំណែងថ្មី
(ព្រៃវែង)៖លោកឡាយ សំអឿន ត្រូវបានប្រកាសតែងតាំងជាអភិបាលស្រុកបាភ្នំថ្មី ជំនួសលោក ទេព ភារុន ត្រូវបានរាជរដ្ឋាភិបាលផ្លាស់ប្ដូរឱ្យទៅបម្រើការងារនៅក្រសួងមុខងារសាធារណ លោក ឡា សំអឿន និងលោក ហ៊ិន វន្នី ត្រូវបានប្រកាសជាអភិបាលរងថ្មី នៃគណៈអភិបាលស្រុកបាភ្នំ ។ពិធីនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ។
នាឱកាសនោះលោកឡាយ សំអឿន ជាអភិបាលស្រុកថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត ដោយគោរពប្រតិបត្តិឲ្យបានម៉ឺងម៉ាត់ ចំពោះរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាពិសេសច្បាប់គ្រប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់គ្រប់រដ្ឋបាល ឃុំ សង្កាត់ សំដៅធានាគុណភាព ប្រសិទ្ធភាពក្នុងការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ និងកិច្ចអភិវឌ្ឍមូលដ្ឋានឲ្យមានការរីកចម្រើនប្រកបដោយគុណភាព មានការចូលរួម គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន។គោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត និងមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីសម្រេចបានជោគជ័យដល់ការលើកកម្ពស់អភិបាលកិច្ចល្អ និងរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
គោរព និងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ នៅក្នុងរដ្ឋបាលស្រុក។បន្តវប្បធម៌រក្សា និងបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាមួយជួរថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់នៅក្នុងរដ្ឋបាលស្រុក និងបង្កើនការទំនាក់ទំនងល្អជាមួយបណ្តាអង្គភាពពាក់ព័ន្ធ និងសមាគម អង្គការនានា ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងកម្មវិធីជាតិឲ្យបានជោគជ័យតាមផែនការ។
ជាមួយគ្នានោះដែរ ឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់ លោក ឡាយ សំអឿន ដែលទើបទទួលតំណែងថ្មី ក៏ដូចជាអភិបាលរងថ្មី ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល ហើយត្រូវគោរពតាមការប្តេជ្ញាចិត្ត ដូចក្នុងពេលប្រកាសឡើងកាន់តំណែងថ្មីនេះ ហើយស្នើរសុំឲ្យលោកខិតខំធ្វើការងារ ដោយសហការណ៍ និងពង្រឹង សាមគ្គីភាព បានល្អជាមួយសហការី អង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងទាំងបីផងដែរ ៕