ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ក្នុងស្រុកកំចាយមារ
(ព្រៃវែង)៖នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍រដ្ឋសភា និងឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) នៃសហភាពសព័ន្ធយុវជនកម្ពុជា រួមនិងគណប្រតិភូ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែងសរុបប្រមាណ៨០០នាក់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរអំពីការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ដឹកនាំដោយឯកឧត្តម ស សុខា និងគណៈចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែងទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនពោរពេញដោយឆន្ទៈ ទឹកចិត្តហ៊ានលះបង់ពេលវេលា និងកម្លាំងកាយ ដើម្បីសុខដុមរមនា និងឧត្តមភាពជានិរន្តរ៍នៃសង្គមកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញនូវសេចក្តីរីករាយ និងភាពជឿជាក់ខ្ពស់ចំពោះប្អូនៗយុវជន ដែលបានសួរសំណួរជាច្រើន ហើយនេះបញ្ជាក់ថា ប្អូនៗ ជាធនធានមនុស្សប្រកបដោយសមត្ថភាព និងសក្តានុពលសម្រាប់ការអភិវឌ្ឍន៍ជាតិរបស់យើងទៅថ្ងៃអនាគត ដើម្បីភាពជោគជ័យ ជាពិសេស កម្លាំងមហាសាមគ្គីក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម៕