ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យយកចិត្តទុកដា​ក់អនុវត្តវិធានការ លើការដឹកជញ្ជូនដី និង​ខ្សាច់​តាមដងផ្លូវ និងបន្តអនុវត្តម៉ឺង​ម៉ាត់ការទប់ស្កាត់ និងបង្ក្រាបកា​រនាំចូលរថ​យន្តចង្កូត​​ស្ដាំតាមការ​ណែនាំរបស់សម្ដេចតេជោ​នាយករដ្ឋមន្រ្តី

(ភ្នំពេញ)៖ថ្លែងក្នុងកិច្ចប្រជុំបូ​កសរុបលទ្ធផល​កា​រងារសុវត្ថិភា​​ពចរាចរណ៍ផ្លូវគោក​ប្រចាំឆមាសទី១ និង​​លើកទិ​សដៅ​ការងារឆ​មាសទី២ ឆ្នាំ២០២២​ នៅក្រសួងសា​ធារណការ និងដឹកជញ្ជូន នាព្រឹក​ទី១៨ ខែសីហា ឆ្នាំ២០​២២ សម្ដេចក្រឡាហោ​ម ស ខេង ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​​ជា​ប្រធា​នគណៈកម្មាធិការជាតិសុវត្ថិភាពចរា​ចរណ៍ បានមានប្រសាសន៍បញ្ជាក់ថា បន្ទាប់ពីស្ថាន​ភាពកូវីដ១៩ នៅកម្ពុជាមានភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើនឡើងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ គិត​ជាមធ្យ​មក្នុង​មួយថ្ងៃមានគ្រោះថ្នាក់ចរាចរ​ណ៍កើតឡើង៩​លើក ស្លាប់៥នា​ក់ និងរបួស១០នាក់។ ស្ថាន​ភាព​នេះ ដោយសារតែកំ​ណើន​នៃការធ្វើ​ចរាចរណ៍តាមដងផ្លូវ នៅ​ពេលដែល​សកម្មភាពសេដ្ឋកិច្ច និង​សង្គម​មានដំណើ​រការឡើង​វិញកាន់តែច្រើន។

សម្ដេចបន្តថា បើប្រៀបធៀបស្ថាន​ភាពចរាចរណ៍កម្ពុជា ជាមួយស្ថានភា​ពចរាចរណ៍​ជាស​កល​ឃើ​ញថា រយៈពេល១០ឆ្នាំ ពីឆ្នាំ២​០១១ ដល់ឆ្នាំ២០២​០ កម្ពុជា​បានកាត់​បន្ថយអ្នកស្លាប់ចំនួន៧២០​នាក់ ស្មើនឹង៦​៤ភាគរយ នៃចំនួនអ្នកស្លាប់តាមការព្យា​ការណ៍។ យ៉ាងណាក៏ដោយ សម្ដេចបន្តថា គណៈ​កម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក បាន​ចាត់ទុកហេតុការណ៍នៃគ្រោះថ្នាក់ និងជនរ​ងគ្រោះ​​ដោយគ្រោះថ្នាក់ច​រាចណ៍នេះថា នៅតែជាបញ្ហាប្រឈ​មទាមទារកា​រយកចិត្តទុក​ដាក់ដោះ​ស្រាយឱ្យ​មានប្រសិទ្ធភាព និងប្រកបដោ​យការទទួលខុសត្រូវ។

សម្ដេចក្រឡាហោម បញ្ជាក់ថា ហេតុការគ្រោះថ្នាក់ច​រាចរណ៍រយៈពេល៦ខែ ដើមឆ្នាំ២០២២នេះ បានត​ម្រូវឱ្យមា​ន​ការត្រួតពិនិត្យឡើងវិញនូវចំ​ណុចអវិជ្ជមានទាំងឡាយ ដើម្បីដកពិសោ​ធន៍យកមក​ដោះ​ស្រាយបញ្ហាប្រឈម ក្នុងនោះដូច​ជាមូលហេតុ​នៃគ្រោះថ្នាក់ដោ​យសារកា​របើកបរលើ​សល្បឿ​នកំណត់ និងការ​មិនពាក់មួកសុវត្ថិភាពជាដើម។សម្ដេចបន្ថែមថា «យើងប្រមូលផ្ដុំប​ញ្ហាដើម្បី​ឈានទៅ​ដោះស្រាយឱ្យចំបញ្ហានោះ

ជាមួយគ្នានោះសម្ដេចក្រឡាហោម ក៏បានជំរុញ​ឱ្យគណៈកម្មាធិ​ការជាតិសុវត្ថិភា​ពចរាចរណ៍ផ្លូវ​គោកបង្កើន​ការអប់រំអំពីច្បាប់ និងបទដ្ឋានសុវត្ថិភា​ពចរាចរណ៍ផ្លូវគោកឱ្យ​បានជ្រួតជ្រាបទូលំទូលាយ និងផ្ដោតឱ្យចំក្រុមគោលដៅ ពង្រឹងគុណ​ភាពសាលាបង្រៀន​បើកបរយា​នយន្តដោយពិនិត្យ​លើការ​លើក​កម្ពស់​សមត្ថភាពគ្រូ កំណែទម្រង់កម្មវិធីសិក្សា និងកែទម្រង់គុណភាព នៃការប្រឡងយ​កបណ្ណបើក​បរសម្ដេចក៏បាន​ណែនាំបន្តគាំទ្រការបំពាក់ការមេរ៉ាអចល័តតាមដងផ្លូវជាតិ និងរិះរ​កវិធី​កាត់បន្ថយការកកស្ទះចរាចរណ៍ ព្រមទាំងទប់ស្កា​ត់ការដឹកជញ្ជូនលើសកម្រិតកំណត់

ទន្ទឹមនោះស​ម្ដេចក៏បានណែនាំឱ្យយកចិត្តទុក​ដាក់អនុវត្តវិធានការលើការដឹកជញ្ជូនដី និងខ្សាច់​តាមដងផ្លូវ និងត្រួតពិនិត្យឱ្យបានត្រឹមត្រូវនូ​វដំណើរការកែច្នៃយានយន្ត ការគ្រប់គ្រងដីចំណីផ្លូវ រួមទាំង​បន្តអនុវត្តម៉ឺងម៉ាត់ការទប់ស្កាត់ និងបង្ក្រាប​ការនាំចូលរ​ថយន្តចង្កូ​តស្ដាំតាមការណែនាំ​ដ៏ខ្ពង់ខ្ពស់សម្ដេចតេ​ជោនាយករដ្ឋមន្រ្តី ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!