រដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រៀបចំពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ២០២២ នៅបរិវេណ អាស្រមតេជោការ៉េ២ ក្នុងស្រុកភ្នំស្រុក
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រៀបចំពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ២០២២ នៅបរិវេណ អាស្រមតេជោការ៉េ២ ស្ថិតនៅក្នុងភូមិតេជោសន្តិភាព ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ឯកឧត្តម ខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីក្រុមការងារ មន្ទីរ អង្គភាព លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
របាយការណ៍លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា បុណ្យរុក្ខទិវា យើងតែងប្រារព្ធរៀបចំជារៀងរាល់ឆ្នាំ តែយើងបានខកខានមិនបានរៀបចំក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ដោយវិបត្តិរាលដាលនៃជំងឺកូវីដ១៩ ។តែឆ្នាំ២០២២នេះយើងបានរៀបចំធ្វើពិធីដាំកូនឈើមានចំនួន ១២០០០ ដើម មានដើម ធ្នង ត្របែកព្រៃ និងដើមក្រដាស។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែយកចិត្តទុកដាក់ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ៗរូប ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់បំផុតរបស់ សម្ដេច បានធ្វើឱ្យប្រទេសកម្ពុជាទទួលបានជ័យជំនះទាំងស្រុង លើវិបត្តិសកលជំងឺកូវីដ–១៩ ដែលបង្កលក្ខណៈឱ្យសកម្មភាពសេដ្ឋកិច្ច សង្គមអាចដំណើរការឡើងវិញបានជាបណ្ដើរៗ លើគ្រប់វិស័យ។
ឯកឧត្តម បន្តថា ក្រោមម្លប់សន្តិភាពប្រជាពលរដ្ឋគ្រប់រូប មានសេរីភាពពេញលេញ ក្នុងការដើរហើរប្រកបរបររកស៊ីចិញ្ចឹមជីវិតដោយសុច្ចរឹតទៀងត្រង់, មានសិទ្ធិសេរីភាពបញ្ចេញមតិ ដោយមិនប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ, មានមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ, មានសម្ភារប្រើប្រាស់ទំនើបៗ តាមលទ្ធភាពរៀងៗខ្លួន, មានលំនៅដ្ឋានសមរម្យ, មានសុភមង្គលជួបជុំក្រុមគ្រួសារ ពិសារអាហារជុំគ្នា ច្រៀងលេងកំសាន្ត ដោយគ្មានក្ដីបារម្ភដូចពីសម័យមុនថា ប្រទេសជាតិមានហានិភ័យសង្គ្រាមបង្ហូរឈាម ក្នុងថ្ងៃណាមួយឡើយ។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ព្រៃឈើ និងប្រព័ន្ធមជ្ឈដ្ឋានព្រៃឈើ បានចូលរួមចំណែកយ៉ាងសំខាន់ ដល់គ្រប់ទិដ្ឋភាពនូវគោលដៅអភិវឌ្ឍ ដោយចីរភាព, ធានាសន្តិសុខស្បៀង និងបណ្ដាញ សុវត្ថិភាព, លើកកម្ពស់ជីវភាព, ផ្ដល់មុខរបរ និងកាត់បន្ថយភាពក្រីក្រ, លើកកម្ពស់អាហារូបត្ថម្ភ និងសុខភាព, រក្សានិរន្តភាព ផលិតកម្ម, កំណើនសេដ្ឋកិច្ច, សមភាព, បរិយាបន្ន និងភាពជាដៃគូ, ធនធានទឹក, ការពារធនធានជលផល, សន្តិសុខថាមពល, ថែរក្សាជីវៈចម្រុះ និងប្រព័ន្ធមជ្ឈដ្ឋានដីគោក, ជួយគាំទ្រនិរន្តរភាពទីក្រុង, ទប់ស្កាត់ និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ការបាត់បង់ព្រៃឈើគ្រប់ប្រភេទ អាចបណ្ដាលឱ្យមានទឹកជំនន់ ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងការរាំងស្ងួត នាំឱ្យបាត់បង់សត្វព្រៃ ធនធានមច្ឆជាតិ និងបាត់បង់ចំណូលគ្រួសារជាដើម។
ជាចុងក្រោយ ឯកឧត្តម ក៏បានសូមអំពាវនាវដល់ព្រះសង្ឃ អាជ្ញាធរដែនដី សមត្ថកិច្ចទាំងអស់ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋ សូមមេត្តាចូលរួមដាំដើមឈើគ្រប់ប្រភេទ តាមគ្រប់រូបភាពគ្រប់ទីកន្លែង និងឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ពិសេសចូលរួមជួយទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងបញ្ឈប់ការ កាប់ឈើ ការកាប់រាន ដុត ឈូសឆាយដីព្រៃ ជាដើម៕