ឯកឧត្ដម ឌិត ទីណា នាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ជនភៀសសឹកជាង១០០០គ្រួសារ

បន្ទាយមានជ័យ ៖ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនជនភៀសសឹក ចំនួន៦៥៦ គ្រួសារដែលជម្លាសខ្លួនពីតំបន់សមរភូមិមុខនៅឧត្តរមានជ័យ មកទីតាំងសុវត្ថិភាព នៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ឯកឧត្ដម ឌិត ទីណា បានលេីកឡេីងថា កម្ពុជាមិនត្រូវការសង្គ្រាមនោះទេ ប៉ុន្តែកម្ពុជាត្រូវការសន្តិភាព ។ ឯកឧត្ដម បញ្ជាក់ ថា ក្រោយកិច្ចចរចារវាងភាគីទាំងពីរកម្ពុជា-ថៃដែល ប្រទេសម៉ាឡេស៊ី ជាប្រធាននៃកិច្ចប្រជុំនេះក៏ទទួលបានលទ្ធផលផ្លែផ្កានៃការបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរវាងកងទ័ពទាំងពីរ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ ។ បើទោះបីជាបទឈប់បាញ់បានចូលជាធរមានក៏ដោយ ក៏យើងត្រូវនៅរក្សាភាពប្រុងប្រយ័ត្នជានិច្ច។ សូមពុកម៉ែ បងប្អូនស៊ូទ្រាំអត់ធ្មត់ និងថែរក្សាខ្លួននៅទីតាំងសុវត្ថិភាព រហូតដល់ស្ថានភាពព្រំដែនមានស្ថិរភាព។

ឯកឧត្ដម ឌិត ទីណា បញ្ជាក់ថា ពិតណាស់កម្ពុជាមិនមានបំណងចង់ឈ្លានពានប្រទេសណាមួយទេ កម្ពុជាចង់បានមិត្តច្រើនជាងសត្រូវ ដូច្នេះហើយការឈ្លានពានរបស់ប្រទេសថៃ លេីកម្ពុជា គឺយេីងបានប្រេីសិទ្ធិក្នុងការការពារខ្លួន ការពារបូរណភាពទឹកដីខ្លួនតែប៉ុណ្ណោះ ដោយពុំមានចេតនាក្នុងការឈ្លានពានទឹកដីប្រទេសជិតខាងណាសូម្បីមួយមីល្លីម៉ែត្រឡេីង។

សូមបញ្ជាក់ថា ឯកឧត្ដម ឌិត ទី ណា បានចុះយកនាំយកអំណោយ សម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែ ត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ជូនដល់បងប្អូនជនភៀសសឹកដែលមកពីសមរភូមិមុខនៅខេត្តឧត្តរមានជ័យមានចំនួន៣ទីតាំង រួមមាន ១- ជនភៀសសឹក ស្នាក់នៅស្រុកភ្នំស្រុក ចំនួន៦៥៦គ្រួសារ, ២-ស្រុកស្វាយចេក ចំនួន១៨៧គ្រួសារ, ក្រុងសិរីសោភ័ណ ចំនួន២៤៨គ្រួសារ។ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម , ទឹកសុទ្ធវីតាល់១កេស, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងត្រីខ១យួរ៕

Leave a Reply

Your email address will not be published. Required fields are marked *