អភិបាលខេត្តប៉ៃលិន ស្នើឱ្យអាជ្ញាធរ កងកម្លាំង និងម្ចាស់ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នាឱ្យបានស្អិតរមួត ក្នុងការគ្រប់គ្រងវត្តមានជនបរទេស និងចូលរួមយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានស្នើឱ្យអាជ្ញាធរ កងកម្លាំង និងម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នាឱ្យបានស្អិតរមួត ក្នុងការគ្រប់គ្រងវត្តមាន ជនបរទេស ដោយធានាបានថាជនបរទេសស្នាក់នៅក្នុងខេត្តប៉ៃលិនទាំងអស់ សុទ្ធតែជនដែលស្នាក់នៅដោយស្របច្បាប់  មិនជាប់ពាក់ព័ន្ធនឹងបទល្មើសឧក្រឹត និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។លោកជំទាវបណ្ឌិតអភិបាលខេត្ត ស្នើបែបនេះក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការងារគ្រប់គ្រងវត្តមានជនបរទេស និងយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ដល់ម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាខេត្តប៉ៃលិន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ បងប្អូនដែលជាម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ដែលមកប្រជុំនាពេលនេះ គឺក្នុងគោលបំណងផ្សព្វផ្សាយពីខ្លឹមសារនៃការគ្រប់គ្រង វត្តមានជនបរទេស ដើម្បីធានាបានថា ជនបរទេសដែលស្នាក់នៅទីតាំងអាជីវកម្មរបស់បងប្អូន គឺសុទ្ធតែជាជនដែលស្នាក់នៅដោយស្របច្បាប់ មិនមានបទល្មើស មិនរត់គេចមកលាក់ខ្លួន មិនពាក់ព័ន្ធបទល្មើសឧក្រឹត និងលួចលាក់ធ្វើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយត្រូវជៀសឱ្យបានពីការចោទប្រកាន់ថាជាអ្នកផ្សំគំនិតបិទបាំងបទល្មើស ឬលាក់បាំងជនបរទេសស្នាក់នៅប្រព្រឹត្តបទល្មើសខុសច្បាប់ នៅទីតាំងដែលខ្លួនបានជួល។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បព្ជាក់ថា៖ សម្រាប់អាជ្ញាធរខេត្តប៉ៃលិន ពិតជាគាំទ្រចំពោះការបើកអាជីវកម្មរបស់បងប្អូន តែក៏មិនចង់ឃើញ មានការអនុវត្តខុសច្បាប់ ដូចជាការជួលទីតាំងអាជីវកម្ម បើកជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ឬលាក់ទុកជនបរទេសមិនស្របច្បាប់នោះទេ ហើយដើម្បីឱ្យម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលរួចផុតទោសទណ្ឌនៃផ្លូវច្បាប់ ខណៈមានជនបរទេសមកជួលស្នាក់នៅ ត្រូវរាយការណ៍តាមប្រព័ន្ឋ FPCS ដែលជាប្រព័ន្ឋគ្រប់គ្រងទិន្នន័យស្នាក់នៅរបស់ជនបរទេសទាំងអ្នកស្នាក់នៅចាស់ និងអ្នកចំណូលថ្មី ព្រមទាំងធ្វើបែបបទគ្រប់គ្រងរដ្ឋបាល ជាមួយអាជ្ញាធរ ដែលមានកិច្ចសន្យាឱ្យបានច្បាស់លាស់ តើថាជនបរទេសទាំងនោះ ស្នាក់នៅប៉ុន្មាននាក់ ប៉ុន្មានថ្ងៃ ខែ ឆ្នាំជាដើម ហើយបើមិនអនុវត្តតាមការណែនាំខាងលើនេះទេ នៅពេលមានបញ្ហា គឺម្ចាស់អាជីវកម្មជួល នឹងអាចប្រឈមមុខចំពោះផ្លូវច្បាប់ហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *