សហគ្រិនខ្មែរ និងសាកលវិទ្យាល័យជាតិមានជ័យ បានរៀបចំបើកដំណើរការកម្មវិធី សហគ្រិនមហាវិទ្យាល័យរដូវកាលទី៣

(ភ្នំពេញ) សហគ្រិនខ្មែរ និងសាកលវិទ្យាល័យជាតិមានជ័យ បានរៀបចំបើកដំណើរការកម្មវិធី សហគ្រិនមហាវិទ្យាល័យរដូវកាលទី៣ ដោយមានការប្រកួតប្រជែងគំរូអាជីវកម្ម ដែលមានការចូលរួមពីព្រឹទ្ធបុរស ព្រឹទ្ធបុរសរង ប្រធានដេប៉ាតឺម៉ង់ លោកគ្រូ អ្នកគ្រូ និស្សិតរបស់សាកលវិទ្យាល័យជាតិមានជ័យនិងសិស្សវិទ្យាល័យ ចូលរួមប្រមាណ២១០នាក់ ក្នុងនោះបេក្ខជនដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងគំរូអាជីវកម្មចំនួន៦០នាក់ មានសមត្ថភាពធ្វើបទបង្ហាញនូវគំនិតធុរកិច្ចថ្មី ដល់ក្រុមគណៈកម្មការដែលជា សហគ្រិនមានបទពិសោធន៍ និងជាអ្នកដឹកនាំក្នុងវិស័យនវានុវត្តន៍ជាច្រើនរូប ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែមានការបង្កើតនវានវត្តន៍ថ្មី ថែទាំនវានុវត្តន៍ដែលមានស្រាប់ ជម្រុញនវានុវត្តន៍ដែលមានសក្តានុពល ហើយកម្មវិធីនេះ យុវសិស្សមានឱកាសបង្កើតនវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»
ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ បានមានប្រសាសន៍ថា ដើម្បីអភិវឌ្ឍសហគ្រាសពីធុនតូចទៅជាធុនមធ្យម និងពីធុនមធ្យមទៅជាធុនធំ និងចុងក្រោយក្លាយជាក្រុមហ៊ុនអន្តរជាតិ សហគ្រាសត្រូវការធាតុបីសំខាន់គឺហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសហគ្រិនភាព ។

ឯកឧត្តម បានបន្តថា សហគ្រិនមហាវិទ្យាល័យដែលបានរៀបចំនៅសាកលវិទ្យាល័យជាតិមានជ័យអាចជួយពង្រឹងសមត្ថភាព សហគ្រិនភាពនិងសមត្ថភាពបច្ចេកវិទ្យាបន្ថែមលើហិរញ្ញវត្ថុដើម្បីជួយសម្រេចបេសកកម្មនៃការពង្រីកខ្លួន របស់សហគ្រាសដើម្បីបង្កើតការងារដែលមានផលិតភាពក្នុងចំនួនច្រើន ។

លោក លោក ផុន សុវិន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិមានជ័យបានលើកឡើងថា “សាកលវិទ្យាល័យជាតិមានជ័យមិនត្រឹមតែផ្តោតទៅលើការបង្រៀន និងការស្រាវជ្រាវប៉ុណ្ណោះទេ សាកលវិទ្យាល័យក៍មានបេសកម្មតម្រង់ទិសអភិវឌ្ឍន៍សមត្ថភាពស្រាវជ្រាវដោយផ្សារភ្ជាប់ជាមួយឧស្សាហកម្មដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់នៃប្រទេសកម្ពុជា”
កម្មវិធីនេះ គឺជាផ្នែកមួយរបស់កម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់នវានុវត្តភាព និងសហគ្រិនភាព ទៅកាន់និស្សិត ដោយប្រែក្លាយគំនិតច្នៃប្រឌិតរបស់និស្សិត ឱ្យក្លាយទៅជាផលិតផល ឬសេវាកម្ម ដែលអាចដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃរបស់ប្រជាជន វិស័យសាធារណៈ និង វិស័យឯកជន។
គួរបញ្ជាក់ថា ក្រុមនិស្សិតឆ្នើមដែលជាប់ជ័យលាភី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងមានឱកាសក្លាយជាក្រុមជម្រើសចូលរួមក្នុងកម្មវិធីបណ្តុះគំនិតធុរកិច្ចថ្មីជាមួយក្រុមធំ ដែលមានសាកលវិទ្យល័យចំនួនប្រមាណ ៥០ មកពីទូទាំងប្រទេសកម្ពុជា ដូចជា កម្មវិធី UnipreneurCamp, UnipreneurSprint ។ ចំណែកឯក្រុមក្រុមនិស្សិតឆ្នើមដែលជាប់ជ័យលាភី ក្នុងវគ្គផ្តាច់ព្រ័ត្រ នឹងមានឱកាសបន្តក្នុងការប្រកួតថ្នាក់ជាតិ (UnipreneurNational Challenge ) ៕

Leave a Reply

Your email address will not be published. Required fields are marked *