(ខេត្តបន្ទាយមានជ័យ) នាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៥ ដែលជាថ្ងៃសីលពេញបរមី លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីក្រោមឱវាទ បាននាំយករាជទានគ្រឿងបរិក្ខារនិងបច្ច័យទៅប្រគេនដល់ព្រះអង្គដែលគង់នៅ វត្តស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ដែលស្របពេលវេលានៃពិធីបុណ្យចូលព្រះវស្សានៃឆ្នាំ២០២៥ផងដែរ ដោយគ្រឿងបរិក្ខារបច្ច័យយកមកប្រគេនដល់ព្រះសង្ឃនាថ្ងៃនេះរួមមាន អង្ករ២៥០គីឡូក្រាម ទៀនវស្សា ៣គូរ ទឹកបរិសុទ្ធ ៤កេស ស្លាដក់៤ធុង ត្រីខ ៣យួរ មីយេីង៦កេស ត្រី ខ ៣យួរ ភេសជ្ជៈ២កេស ទឹកសុីអុីវ ៣យួរ តែ១កញ្ចប់ធំ ទឹកដោះគោ ៥កំប៉ុងស្ករស ៥គីឡូក្រាម និងថវិកាចំនួន១លានរៀល ។
លោក បៀវ ថាន បានមានប្រសាសន៍ថា យើងទាំងអស់គ្នា បានរៀបចំពិធីបុណ្យប្រគេននូវគ្រឿងបរិក្ខារផ្សេងៗ ដល់ព្រះសង្ឃក្នុងឱកាសនេះ ស្របពេលវេលាដែល ព្រះសង្ឃចូលព្រះវស្សាចាប់ពីថ្ងៃ ១រោច ខែអាសាឍនឹងចេញព្រះវស្សានៅថ្ងៃ ១៥កើត ខែអស្សុជ គម្រប់បីខែ ហើយចំពោះគ្រឿងបរិក្ខារ និងបច្ច័យទាំងនេះ អាចផ្គត់ផ្គង់ដល់ ព្រះសង្ឃបានតែ ពេលខ្លីតែប៉ុណ្ណោះ ហើយនេះ គឺជាទឹកចិត្តសទ្ធាជ្រះថ្លា របស់អស់លោក លោកស្រី ។
លោកប្រធានមន្ទីរបានបន្តថា បុណ្យចូលព្រះវស្សា គឺជាបុណ្យមួយដ៏ធំសំខាន់ នៅក្នុងព្រះពុទ្ធសាសនា ហើយបុណ្យនេះ មានមកក្នុងព្រះវិន័យនៃព្រះសម្មាសម្ពុទ្ធបញ្ញត្តិឲ្យព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សារយៈពេលបីខែក្នុងអំឡុង វស្សានរដូវ។ ព្រះគ្រូ សច្ចធរោ ប៉ែន សាវុធ ព្រះព្រះសមុហ៍គណ ស្រុកមង្គលបូរី និងជាព្រះគ្រូចៅអធិការវត្តស្រះរាំង បានមាន សង្ឃដីកាថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះញាតិញោមថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីនៃមន្ទីរធម្មការនិងសាសនាខេត្ត ដែលតែងតែជួយទំនុកបម្រុង ដល់ព្រះសង្ឃក្នុងវត្តស្រះរាំង ព្រះអង្គសូមជូនពរសព្វសាធុការ ឲ្យមានសិរីសួស្តី សុភមង្គល វិបុលសុខ មហាប្រសើរ ជូនដល់ញាតិញោមទាំងអស់ប្រកបដោយសុខភាពល្អ បំពេញភារៈកិច្ចទទួលបានជោគជ័យ។ ក្នុងនោះផងដែរព្រះអង្គ បានធ្វើការអំពាវនាវដល់ពុទ្ធបរិស័ទជិតឆ្ងាយ សូមចូលរួមចាប់យក មគ្គផលកុសលផលបុណ្យចំពោះការសាងសង់ របងវត្តដែលមានកម្ពស់ ៣,៥ m ហើយក្នុងមួយម៉ែត្រការ៉េត តំលៃ ២៣ម៉ឺនរៀល។ បញ្ចប់នៃកម្មវិធី ក្រុមការងារក៏បាននាំយក ឃីត៤៣កញ្ចប់ និងថវិកា៣០ម៉ឺនរៀល ប្រគល់ជូនដល់ក្រុមប្រឹក្សាឃុំស្រះរាំងផងដែរ ៕