ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ ចំនួន ១៥៩គ្រួសារ នៅក្នុងស្រុកព្រៃកប្បាស ទទួលបានអំណោយពីអង្គការ ការីតាស

(តាកែវ)៖ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយលោក លោកស្រី អភិបាលរងខេត្ត បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយរបស់អង្គការ ការីតាស ផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ចំនួន ១៥៩គ្រួសារ នៅក្នុងស្រុកព្រៃកប្បាស ។
ពិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅបរិវេណវត្តពោធិ៍មាសអណ្ដែតដោយមានការចូលរួមពីលោក គឹម រតនា នាយកប្រតិបត្តិអង្គការ ការីតាស ខេមបូឌា លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលស្រុកព្រៃកប្បាស និងមន្រ្តីរាជការចំណុះរដ្ឋបាលស្រុកផងដែរ។
ជាមួយគ្នានោះដែរឯកឧត្តម អ៊ូច ភា បានពាំនាំនូវអនុសាសន៍ផ្ដាំសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកចំពោះសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយបានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ ត្រូវចុះជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ព័ណសម្បុរអ្វីឡើយ សំខាន់ជួយបងប្អូនបានទាន់ពេលវេលាទៀតផង ។អំណោយដែលត្រូវផ្ដល់ជូនក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម មុងមួយ ភួយមួយ តង់មួយ និងសង្ហសីជាង ១ពាន់សន្លឹកធ្វើការផ្ដល់ជូនពលរដ្ឋ ដែលរងគ្រោះតាមជាក់ស្ដែងផងដែរ៕ ដោយ ៖ លោក ផូង បញ្ញា