ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ថ្លែងក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿញញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រមទាំង ឯកឧត្តម លោកជំទាវ លោកស្រី អស់លោកទាំងអស់ ក្នុងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ វិស័យសាសនា វិស័យឯកជន អង្គការមហាជន ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទី ភារកិច្ចបានយ៉ាងល្អប្រសើរប្រកបដោយស្មារតីទទួលខុសត្រូវ សម្រេចបានសមិទ្ធផលនានាជាច្រើនគួរឲ្យកត់សម្គាល់។ ការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មទាំងនេះ បានរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងខិតខំថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យកាន់តែរឹងមាំប្រកបដោយចីរភាព។
ក្នុងនោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំបន្ថែមទៀតនូវកិច្ចការសំខាន់ៗដែលរដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ត្រូវខិតខំរួមគ្នាសម្រេចឲ្យបានកាន់តែល្អប្រសើរថែមទៀតក្នុងឆ្នាំ២០២៣ ដែលរួមមាន៖ ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, ការចូលរួមសហការអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា, ការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម, ការគ្រប់គ្រង ការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន, ការគ្រប់គ្រងធនធានធម្មជាតិ, ការផ្តល់សេវាសាធារណៈ និងការដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋ, និងការពង្រឹងរបៀបរបបការងារ ផងដែរ ៕