បន្ទាយមានជ័យ ៖ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយករងគម្រោង កែលម្អការតភ្ជាប់ផ្លូវជនបទ(RRCIP) និងឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត នៅរសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយព័ត៌មានអំពីគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ(RRCIP) និងស្នើសុំផ្តល់ កិច្ចសហការដល់ដំណើរការសិក្សាគ្រោងប្លង់លម្អិតខ្សែផ្លូវចំនួន ៦ខ្សែ ក្នុងខេត្តបន្ទាយមានជ័យ នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ ។
កិច្ចប្រជុំ នេះក៏បានពិភាក្សាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីស្នើសុំផ្តល់កិច្ចសហការ សម្របសម្រួល និងផ្សព្វផ្សាយព័ត៌មានអំពីគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ(RRCIP) ក្នុងពេលសិក្សាគ្រោងប្លង់លម្អិតខ្សែផ្លូវ ដែលបានជ្រើសរើសក្នុងខេត្តបន្ទាយមានជ័យ ក្នុងក្របខណ្ឌហិរញ្ញប្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ឱ្យបានជោគជ័យ។
តាមរយៈ នេះក្រសួងអភិវឌ្ឍន៍ជនបទបានជ្រើសរើសខ្សែផ្លូវក្នុងខេត្តបន្ទាយមានជ័យចំនួន ៦ខ្សែ ប្រវែងសរុប ១៣៥១៤គ.ម. នឹងត្រូវកែលម្អលើកម្រិតគុណភាពផ្លូវទៅជាក្រាលកៅស៊ូពីរជាន់ ឬកម្រាល បេតុងនៅក្នុងឆ្នាំ២០២៦ខាងមុខ បច្ចុប្បន្នផ្លូវទាំង៦ខ្សែនេះ កំពុងស្ថិតក្នុងដំណាក់កាលសិក្សាគ្រោងប្លង់ បច្ចេកទេសលម្អិតដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Nippon Koei។
សូមបញ្ជាក់ថា គម្រោងផ្លូវទាំង៦ខ្សែ រួមមាន ១–ផ្លូវបាល័ង្គជ្រៃ (ស្រុកមង្គលបូរី–ស្រុកម៉ាឡៃ) មានទទឹង៨ម៉ែត្រ ប្រវែង២៤,១០គីឡូម៉ែត្រ, ២–ផ្លូវស្ពានស្រែ (ភ្នំស្រុក–ព្រះនេត្រព្រះ) ទទឹង៨ម៉ែត្រ ប្រវែង២៤គីឡូម៉ែត្រ, ៣–ផ្លូវតាភូ (ស្រុកភ្នំស្រុក–ព្រះនេត្រព្រះ) ទទឹង៨ម៉ែត្រ ដែលមានប្រវែង២៩គីឡូម៉ែត្រ, ៤–ផ្លូវតែហាំង (ឃុំស្វាយចេក) ទទឹង៨ម៉ែត្រ ប្រវែង២៥គីឡូម៉ែត្រ, ៥–ផ្លូវស្រែល្អ (ថ្មពួក) ទទឹង៨ម៉ែត្រ ប្រវែង១៨គីឡូម៉ែត្រ និង៦–ផ្លូវរលួស–ភូមិថ្មី (ស្វាយចេក–ថ្មពួក) ទទឹង៨ម៉ែត្រ ប្រវែង១៤គីឡូម៉ែត្រ៕