បន្ទាយមានជ័យ៖ ដើម្បីឲ្យមានការរីកចម្រើន មានភាពស្ងប់ស្ងាត់និងភាពប្រសើរឡើងសម្រាប់វត្ត គិរីធម្មបទខ្លាកូនថ្មី ជៀសវាងការធ្វើឲ្យមានអធិករណ៍ផ្សេងៗ រវាងព្រះសង្ឃ និងព្រះសង្ឃ ព្រមទាំងព្រះសង្ឃ និងគ្រហស្ថ ស្របពេលភិក្ខុសង្ឃព្រះនាម សំ វ៉ាន់ថា ព្រះចៅអធិការវត្ត គិរីធម្មបទខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានព្រមព្រៀងលាចាក់សិក្ខាបទ (សឹក) ដោយស្ម័គ្រចិត្តទៅជាគ្រហស្ថ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នាវត្តសុរិយារាម ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ដូចនេះដើម្បីឲ្យមានអ្នកគ្រប់គ្រងបន្តពីរអណ្តិត សំ វ៉ាន់ថា នោះសាលាគណខេត្តបន្ទាយមានជ័យ លេខ៣៧៦/២៥ សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត បានរៀបចំពិធីប្រគល់ភារកិច្ចបណ្ដុះអាសន្នប្រគេនព្រះមន្ត្រីសង្ឃចំនួន៣ ព្រះអង្គ និមន្តទៅគ្រប់គ្រងវត្ត គិរីធម្មបទខ្លាកូនថ្មី ដោយពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ព្រះសមណៈញ្ញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្ត នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥។
ព្រះសមណៈញ្ញាណ ណាប់ ម៉ឺន ព្រះបាឡាត់ គណខេត្ត បានមានសង្ឃដីកាបញ្ជាក់ថា សេចក្ដីសម្រេច ប្រគល់ភារកិច្ចប្រគេនព្រះមន្ត្រីសង្ឃទាំង ៣អង្គនាថ្ងៃនេះ រួមមាន:១,ព្រះភិក្ខុធម្មជ្ជោតោ អួង ច័ន្ទឧត្តម ព្រះវិន័យធរ អនុគណក្រុងសិរីសោភ័ណ ជាប្រធាន ២,ភិក្ខុរតនបកាសកោ ស្ងួន ហ៊ុល ព្រះសមុហ៍អនុគណក្រុងសិរីសោភ័ណ ជាអនុប្រធាន ៣,ភិក្ខុបញ្ញាសារោ ឆន សុខសាន្ត ព្រះលេខាអនុគណក្រុងសិរីសោភ័ណ ជាសមាជិក។
ព្រះអង្គ ណាប់ ម៉ឺន ក៏បានធ្វើការផ្ដាំផ្ញើដល់គណៈសង្ឃ ព្រះសង្ឃធ្វើយ៉ាងណាសាមគ្គីភាពផ្ទៃក្នុង ហើយរាល់ការផ្ដួចផ្ដើមគម្រោងសាងសង់ ជួសជុលកែលម្អសំណង់ផ្សេងៗ និងរៀបចំបរិស្ថានវត្តត្រូវស្នើសុំការអនុញ្ញាត និងប្រជុំពិភាក្សាគ្នាឲ្យបានល្អិតល្អន់ ហើយរាល់ចំណូលចំណាយត្រូវរាយការណ៍ប្រគេនជូន សាលាគណខេត្ត មន្ទីរធម្មការនិងសាសនាខេត្ត ក្នុង១ត្រីមាសម្ដង។ ជាចុងក្រោយព្រះអង្គ ណាប់ ម៉ឺន បានធ្វើការក្រើនរំលឹក ដល់ព្រះគណៈសង្ឃ ព្រះសង្ឃធ្វើយ៉ាងណាត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការសម្របសម្រួលការងារផ្សេងៗ ប្រគេនសាលាគណខេត្ត ដើម្បីធានាបាននៅប្រសិទ្ធភាព សុវត្ថិភាព សាមគ្គីភាព និងវឌ្ឍនភាព សម្រាប់វត្តគិរីធម្មបទខ្លាកូនថ្មីទាំងមូល៕