(ខេត្តបាត់ដំបង)៖ពីវេទិកាធិបតីនៃពិធីសម្ពោធស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្រុកឯកភ្នំខេត្តបាត់ដំបង នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តម ស សុខាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យបានអះអាងថា ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស រួមទាំងយុវជន មានការជឿជាក់លើការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងការដាក់ចេញយុទ្ធសាស្រ្តដោះស្រាយប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជុំវិញបញ្ហាព្រំដែនតំបន់មុំ៣ បង្កឡើងដោយកងទ័ពថៃ។
បើតាមឯកឧត្តម ស សុខា ស្របតាមលំអាននៃគំរូវីរភាពដឹកនាំដ៏អង់អាច របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ខ្ពស់បំផុត លើកិច្ចការពារបូរណភាពទឹកដី ដើរទន្ទឹមគ្នានឹងការបន្តថែរក្សាទំនាក់ទំនងជាមិត្តភាពលើវិស័យជាច្រើនទៀត រវាងកម្ពុជា–ថៃ ដើម្បីធានាប្រក្រតីភាពនៃឧត្តមប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសទាំងសងខាង ពោលគឺ ទន្ទឹមនឹងការពារទឹកដីដូនតាមិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រនោះ គឺសម្ដេច ក៏មានឆន្ទះដោះស្រាយបញ្ហាព្រំដែនប្រដោយសន្តិវិធី ដើម្បីធានាបានព្រំដែនមិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
ពីវេទិកានោះដែរ ឯកឧត្តម ស សុខា ក្នុងនាមអនុប្រធាន ស.ស.យ.ក. ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ក៏បានថ្លែងជាថ្មីទៀត ចូលរួមរំលែកមរណទុក្ខចំពោះការពលីរបស់កងកម្លាំងយោធពលខេមរភូមិន្ទក្នុងព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធ បង្កឡើងដោយកងទ័ពថៃមកលើកងទ័ពកម្ពុជា នៅតំបន់មុំបី ខេត្តស្ទឹងត្រែង។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេសបន្តមានស្មារតីវិញជាធ្លុងមួយ ក៏ប៉ុន្តែក៏មិនត្រូវធ្វើសកម្មភាពណាដែលនាំឱ្យប៉ះពាល់ដល់ដំណោះស្រាយប្រកបដោយសន្តិវិធីរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរនោះដែរ។
សូមបញ្ជាក់ដែរថា ទីស្នាក់ការ ស. ស.យ.ក. ស្រុកឯកភ្នំ បានចាប់ផ្ដើមសាងសង់នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ រួចជាស្ថាពរនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ អគារនេះ មានទំហំ ១៧៤.១៣ម៉ែត្រការ៉េ មានបន្ទប់ចំនួន៤ ក្នុងនោះមានសាលប្រជុំធំចំនួន១ បន្ទប់រដ្ឋបាលចំនួន១ បន្ទប់កុំព្យូទ័រចំនួន១ បន្ទប់ដាក់សម្ភារៈចំនួន១ និងបន្ទប់ទឹកចំនួន៣ ដែលចំណាយទឹកប្រាក់សាងសង់សរុប ៤៥.៤៤០,៧៥ដុល្លារអាម៉េរិក៕